តម្លៃកៅស៊ូនៅវៀតណាមមានការកើនឡើងខ្លាំងដល់ទៅចន្លោះពី ៣០-៥០% នៅក្នុងឆ្នាំនេះ ដែលវាបានជួយឲ្យក្រុមហ៊ុនជាច្រើនទទួលបានផលចំណេញមិនស្ទើរពីវិស័យមួយនេះគិតត្រឹមត្រីមាសទី ៣។

ក្រុមហ៊ុនជាច្រើនដែលរកស៊ីជាមួយសមាគមកៅស៊ូវៀតណាម Vietnam Rubber Group ដូចជា Daklak Rubber JSC, Tan Bien Rubber JSC, Ba Ria Rubber JSC, Phuoc Hoa Rubber JSC, and Dong Phu Rubber JSC សុទ្ធតែញញឹមបិទមាត់មិនជិតឡើយ បន្ទាប់ពីទទួលបានផលចំណេញដល់ទៅជាង ៣០០% ពីជំនួញមួយនេះ។
ដោយឡែកការនាំចេញដំណាំកៅស៊ូរបស់វៀតណាមឆ្នាំនេះមានការកើនឡើងជិត ២៤% ដែលស្មើនឹង ៩៧០ លានដុល្លារនៅត្រីមាសទី ៣។ នេះបើតាមការអះអាងពីនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។

ក្រៅពីនោះ បើតាមការឲ្យដឹងពីសមាគមផលិតកៅស៊ូ Association of Natural Rubber Producing Countries បានឲ្យដឹងថា តម្រូវការពិភពលោកសម្រាប់ដំណាំកៅស៊ូធម្មជាតិមានការកើនឡើងដល់ទៅ ៩% ដែលច្រើនជាង ១៤ លានតោនឆ្នាំនេះ ស្របពេលប្រទេសដែលនាំចូលកៅស៊ូច្រើនបំផុតពីវៀតណាមគឺ ប្រទេសចិន។
បញ្ជាក់ដែរថា ស្ថិតិនៃការនាំទំនិញចេញសរុបរបស់វៀតណាមគិតតាំងពីដើមឆ្នាំមកទល់ពេលនេះ គឺមានការកើនឡើងដល់ទៅ ៥០% ដែលគិតជាទឹកប្រាក់ប្រមាណ ២,១៧ ពាន់លានដុល្លារ៕
ប្រភព: vnexpress