រដ្ឋាភិបាល​អង់គ្លេស​ត្រៀម​បញ្ចេញ​កញ្ចប់​ថវិកា​ធំ ពង្រឹង​វិស័យ​សុខាភិបាល​ក្នុង​ប្រទេស​

អន្តរជាតិ

បើ​តាម​ពី​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ចក្រភព​អង់គ្លេស​លោក Rishi Sunak បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ​កញ្ចប់​ថវិកា​ប្រមាណ​ជិត ៦ ពាន់​លាន​ផោន នឹង​បញ្ចេញ​នៅ​ក្នុង​អំឡុង​សប្ដាហ៍​នេះ​សម្រាប់​ទ្រទ្រង់​វិស័យ​សុខាភិបាល​ក្នុង​រយៈពេល ២-៣ ឆ្នាំ​ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​គោល​បំណង​នៃ​ការ​ចំណាយ​កញ្ចប់​ថវិកា​យ៉ាងច្រើននេះ គឺ​សម្រាប់​ការ​ទិញ​សម្ភារៈ​ផ្នែក​វេជ្ជសាស្ត្រ​​បម្រើ​​វិស័យ​សុខាភិបាល National Health Service ហៅកាត់ NHS ដែល​មាន​ដូចជា ឧបករណ៍​ស្កេន និង​សម្ភារៈ​ផ្សេងៗ​ឲ្យ​បាន​ច្រើនជាង​មុន ៣០% សម្រាប់​ឆ្នាំ ២០២៤ និង ២០២៥។

ថវិកា​ជិត ៦ ពាន់​លាន​ផោន នឹង​ចាយ​ទៅលើ​ ៣ ផ្នែក​ធំៗ​មាន​ដូចជា ២,៣ ពាន់​លាន​ផោន​សម្រាប់​ការ​ធ្វើតេស្ត​នានា ២,១ ពាន់​លាន​ផោន​ទៀត​សម្រាប់​ពង្រឹង​ដល់​ផ្នែក​បច្ចេកវិទ្យា​ទ្រទ្រង់​សេវាកម្ម​សុខភាព និង ១,៥ ពាន់​លាន​ផោន​ទៀត ទុក​សម្រាប់​ទិញ​គ្រែ​អ្នក​ជំងឺ​បន្ថែម។

“នេះ​គឺ​ជា​ការវិនិយោគ​ដែល​អាច​ផ្ដល់​ការ​កែប្រែ​ទាំងស្រុង​សម្រាប់​យើង ជាមួយ NHS ដូច្នេះ​ពួកយើង​ត្រូវ​ប្រាកដចិត្ត​ថា ទាំង​អគារ ឧបករណ៍ និង​បច្ចេកវិទ្យា​សម្រាប់​ជួយដល់​សេវាកម្ម​សុខភាព​ត្រូវតែ​មាន​ភាព​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ក៏​ដើម្បី​ធានា​បាន​នូវ NHS ថា​អាច​សមស្រប​ជាមួយ​បរិបទ​នា​ថ្ងៃ​អនាគត”។ នេះ​បើតាម​សម្ដី​របស់​លោក Sunak បាន​និយាយ។

បញ្ជាក់​ដែរ​ថា គម្រោង​កាល​ដើមឡើយ គឺ​ថវិកា ៨ ពាន់​លាន​ផោន​គឺ​ជា​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​ទុក​សម្រាប់​ទ្រទ្រង់​វិស័យ​នានា​នៅ​ក្នុង​កំឡុង​ពេល​វិបត្តិ​កូវីដ ១៩ នេះ ខណៈ​ទឹកប្រាក់ ៥ ពាន់​លាន​ផោន​គឺ​ផ្គត់ផ្គង់​លើ​វិស័យ​សុខាភិបាល និង​ទឹកប្រាក់​ដែល​សេសសល់​គឺ​សម្រាប់​ទ្រទ្រង់​វិស័យ​អប់រំ៕

ប្រភព: Kelo