រដ្ឋាភិបាលហ្វីលីពីន បានប្រកាសកាលនៅថ្ងៃចន្ទ ទី ២៥ ខែតុលានេះថា ខ្លួននឹងផ្តល់ជំនួយជាសាច់ប្រាក់ចំនួន ១ ពាន់លានប៉េសូ (១៩,៧ លានដុល្លារអាមេរិក) ដល់អ្នកបើកបរសម្រាប់សេវាសាធារណ:រាប់ម៉ឺននាក់ ដើម្បីសម្រាលបន្ទុក ចំពេលតម្លៃសាំង កំពុងមានការកើនឡើងខ្លាំង ។
ជាក់ស្តែង ក្រុមប្រឹក្សាទីភ្នាក់ងាររដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ចេញសាច់ប្រាក់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរប្រហែល ១៧៨ ០០០ នាក់ ។
យ៉ាងណា នេះគឺជាវិធានការតែមួយគត់ ដែលត្រូវបានអនុម័តរហូតមកដល់ពេលនេះ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវឲ្យមានការបន្ធូរបន្ថយចំពោះតម្លៃ ដោយសារតែកើនឡើងនៃតម្លៃប្រេងឥន្ធន: នៅក្នុងរយ:ពេលកន្លងមកនេះ ។
ប៉ុន្តែ រហូតមកដល់ពេលនេះ ការអំពាវនាវនៅតែកំពុងបន្តកើនឡើង ដោយចង់ឲ្យរដ្ឋាភិបាលធ្វើការព្យួរពន្ធ គយ ទៅលើការនាំចូលផលិតផលប្រេងឥន្ធន: ខណ:ក៏មានការគាំទ្រដោយក្រសួងថាមពលផងដែរ ។
ទោះជាយ៉ាងណាក្តី ក្រសួងហិរញ្ញវត្ថុ បានធ្វើការព្រមានថាប្រសិនបើមានការព្យួរពន្ធគយពិតមែន នោះវានឹងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ថវិកា សម្រាប់ការស្តារឡើងវិញនៃជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល ៕
ប្រភព: CNA