ថ្ងៃនេះអាចរាប់ថាជាថ្ងៃជោគជ័យបំផុតមួយសម្រាប់មហាសេដ្ឋី Elon Musk ព្រោះគ្រាន់តែទទួលបានការបញ្ជាទិញរថយន្ត ១០ ម៉ឺនគ្រឿងពីសំណាក់ក្រុមហ៊ុនជួលរថយន្តខ្នាតយក្ស Hertz ភ្លាម តម្លៃភាគហ៊ុននៃក្រុមហ៊ុន Tesla ហក់ឡើងយ៉ាងគំហុកឡើងដល់ ១ ០២៤,៨៦ ដុល្លារអាមេរិក។
ការកើនឡើងនៃតម្លៃភាគហ៊ុននេ ជួយឲ្យ Tesla ក្លាយជាក្រុមហ៊ុនអាមេរិកចុងក្រោយបង្អស់ដែលស្គាល់រសជាតិមូលធនទីផ្សារខ្ទង់ទ្រីលានដុល្លារ ហើយសម្រាប់ CEO ដូចជា Elon Musk ក៏បានផលចំណេញពីរឿងនេះមិនស្ទើរដែរ។
គិតត្រឹមថ្ងៃច័ន្ទ ភាគហ៊ុន Tesla ឡើងដល់ ១៣% និងបានជួយឲ្យ Elon Musk ដែលជាម្ចាស់ភាគហ៊ុនធំបំផុតបានក្លាយជាបុគ្គលដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលមានកំណើនទ្រព្យសម្បត្តិដល់ទៅ ៣៦,២ ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមកំណត់ត្រាដែល Bloomberg’s Billionaires Index ធ្លាប់កត់ត្រាក្នុងរយៈពេលកន្លងមក។
Bloomberng ពេលនេះបានសន្និដ្ឋានថា ទ្រព្យសម្បត្តិសរុបរបស់ Elon Musk គឺអាចស្ថិតនៅខ្ទង់ប្រមាណ ២៨៨,៦ ពាន់លានដុល្លារ ដែលចំនួនមួយនេះគឺអាចទិញក្រុមហ៊ុន Toyota ដែលជាដៃគូប្រជែងបានទាំងស្រុងតែម្ដង ដ្បិតមូលធនក្រុមហ៊ុន Toyota គឺមានតម្លៃ ២៨២ ពាន់លានដុល្លារ។
អ្វីដែលកាន់តែអស្ចារ្យនោះគឺ Elon Musk បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោកនាពេលបច្ចុប្បន្ន ខណៈកន្លងមកងារមួយនេះតែងមានការប្ដូរវេនគ្នាគ្រប់គ្រងរវាង CEO នៃក្រុមហ៊ុន Tesla និងស្ថាបនិក Amazon, Jeff Bezos តែពេលនេះ បើសិន Bezos ចង់ទទួលបានងារនេះមកវិញ ក៏រាងពិបាកដែរ ដ្បិតទំហំទ្រព្យសម្បត្តិរវាងអ្នកទាំង ២ គឺឆ្ងាយគ្នាខ្លាំងហើយ ដោយទ្រព្យសម្បត្តិរបស់ Bezos មានសរុប ១៩២,៦ ពាន់លានដុល្លារ ស្របពេល Elon Musk មានជិត ៣០០ ពាន់លានដុល្លារ៕
ប្រភព: businessinsider