យោងទៅតាមទិន្នន័យជាផ្លូវការបានឲ្យដឹងថា ក្រុមហ៊ុនថ្មីៗចំនួន ១៦ ៥៧០ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌា សម្រាប់ខែកញ្ញា ដែលធ្វើឲ្យចំនួនក្រុមហ៊ុនសកម្មសរុប មានចំនួនជាង ១ ៤០០ ០០០ ។
ទិន្នន័យពីក្រសួងកិច្ចការសាជីវកម្ម បានបង្ហាញថា ក្រុមហ៊ុនសរុបចំនួន ២ ២៣២ ៦៩៩ ត្រូវបានចុះបញ្ជី នៅក្នុងប្រទេស គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ។
ហើយក្នុងចំណោមក្រុមហ៊ុនទាំងនោះ មាន ៧៧៣ ០៧០ ត្រូវបានបិទទ្វារ ស្របពេលក្រុមហ៊ុន ២ ២៩៨ ត្រូវផ្អាកដំណើការ ស្របតាមច្បាប់ក្រុមហ៊ុននៅក្នុងឆ្នាំ២០១៣ ខណ:ក្រុមហ៊ុនចំនួន ៦ ៩៤៤ ស្ថិតនៅក្រោមការជម្រះបញ្ជី និង ៣៦ ១១០ កំពុងស្ថិតនៅក្នុងដំណើរការបិទ ។
មិនតែប៉ុណ្ណោះ យោងតាមទៅតាមព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់ក្រសួងថ្មីៗនេះ បានបង្ហាញថាក្នុងវិស័យសាជីវកម្ម មានក្រុមហ៊ុនសកម្មចំនួន ១ ៤១៤ ២៧៧ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ។
លើសពីនេះ ក្រសួងបានលើកឡើងទៀតថា ទិន្នន័យនៃការចុះបញ្ជីក្រុមហ៊ុនថ្មី ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩ ដល់ខែកញ្ញាឆ្នាំ ២០២១ ក្រុមហ៊ុនដែលបានចូលមកចុះបញ្ជីប្រចាំខែគឺមានការកើនឡើង បន្ទាប់ពីធ្លាប់ធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយមានក្រុមហ៊ុន ៣ ២០៩ ប៉ុណ្ណោះ ដែលបានចុះបញ្ជី នៅក្នុងខែមេសា ឆ្នាំ ២០២០ ៕
ប្រភព: Indian Express