កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនSCG Packaging PLC ហៅកាត់ SCGP មានគម្រោងចំណាយទឹកប្រាក់ប្រមាណ ៣ ពាន់លានបាតបន្ថែមទៀតសម្រាប់ត្រីមាសទី ៤ ដែលជារយៈពេលចុងក្រោយនៃឆ្នាំ ២០២១ ដើម្បីវិនិយោគទៅលើគម្រោងផ្សេងៗថែមទៀត។

ទឹកប្រាក់មួយភាគធំ នឹងបោះទុនទៅកាន់ក្រុមហ៊ុន Detlalab SL ដែលជាក្រុមហ៊ុនចែកចាយសម្ភារៈវេជ្ជសាស្ត្រ និងសម្ភារៈមន្ទីរពិសោធន៍នៅប្រទេសអេស្ប៉ាញ ខណៈកាលពីចុងខែមិថុនា SCGP បានប្រកាសថា ពួកគេបានកាន់កាប់ចំណែកភាគហ៊ុនដល់ទៅ ៨៥% នៃភាគហ៊ុនសរុបនៃ Deltalab SL។
គម្រោងវិនិយោគជាមួយ Deltalab នឹងអនុញ្ញាតឲ្យ SCGP អាចបោះជំហានពីវិស័យវិចខ្ចប់បែបបច្ចេកវិទ្យា ទៅកាន់វិស័យសុខាភិបាល និងផ្នែកសុខភាពវិញម្ដង។

បើតាមការឲ្យដឹងពី Wichan Jitpukdee ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន SCGP បានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងវិនិយោគទឹកប្រាក់ ២០ ពាន់លានបាតនៅឆ្នាំ ២០២១ នេះ ពោលចាប់ពីខែមករា ដល់កញ្ញា គឺធ្លាប់បានចាយអស់ ១៧ ពាន់លានបាតរួចមកហើយ។
បញ្ជាក់ដែរថា លោក Wichan បានអះអាងថា ប្រាក់ចំណូលដែលក្រុមហ៊ុននឹងទទួលបានមកវិញ ពីការវិនិយោគមួយនេះ គឺអាចលើស ១០០ ពាន់លានបាត ដោយសារការបន្ធូរបន្ថយការរឹតបន្តឹងច្រកព្រំដែន និងគម្រោងការបើកប្រទេសថៃឡើងវិញ៕
ប្រភព: Bangkokpost