ក្រុមហ៊ុនសម្ភារ:កីឡា Puma របស់អាឡឺម៉ង់ ឲ្យដឹងថា ការលក់របស់ខ្លួនបានកើនឡើងនៅក្នុងឆ្នាំ ២០២១ នេះ បើទោះបីប្រឈមមុខទៅនឹងសម្ពាធខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារការបិទខ្ទប់ប្រទេសវៀតណាម មានការកកស្ទះកំពង់ផែ និងកង្វះទូកុងតឺន័រក៏ដោយ ។
ជាក់ស្តែង រោងចក្រនៅប្រទេសវៀតណាម ដែលជាកន្លែងផ្គត់ផ្គង់ដ៏ធំដល់ឧស្សាហកម្មស្បែកជើងរបស់ក្រុមហ៊ុននេះ ត្រូវបានបិទទ្វារ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ ១៩។ បើតាមម្ចាស់រោងចក្រ បានឲ្យដឹងថា ការផលិត អាចនឹងដំណើរការពេញលេញឡើងវិញ ចាប់ពីឆមាសទីពីរ នៃឆ្នាំ ២០២២ ។
មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិ ក្រុមហ៊ុន Puma លោក Bjorn Gulden បាននិយាយថា ក្រៅពីបញ្ហាខាងលើ ក្រុមហ៊ុនក៏ត្រូវទប់ទល់ជាមួយនឹងការកកស្ទះនៅកំពង់ផែ និងកង្វះកប៉ាល់កុងតឺន័រផងដែរ ដែលជំរុញឲ្យមានការកើនឡើងនៃថ្លៃដឹកជញ្ជូន និងធ្លាក់ចូលនៅក្នុងស្ថានភាពទីផ្សារដ៏លំបាក នៅក្នុងប្រទេសចិនទៀតផង ។
ទោះយ៉ាងណា ការលក់នៅត្រីមាសទី ៣ បានកើនឡើង ២០,៤% ដោយគិតជាទឹកប្រាក់មានចំនួន ១,៩ ពាន់លានអឺរ៉ូ (២,២១ ពាន់លានដុល្លារអាមេរិក) ខណ:ប្រាក់ចំណេញបានកើនឡើងដល់ ២២៩ លានអឺរ៉ូ ដែលចំនួនទាំង២នេះ គឺខ្ពស់ជាងការព្យាការណ៍របស់អ្នកវិភាគទៅទៀត ។
ការលក់របស់ Puma បានកើនឡើង ៣១% នៅអាមេរិក និង ២២% នៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក។ ដោយឡែក នៅក្នុងទ្វីបអាស៊ី-ប៉ាស៊ីហ្វិកវិញ ការលក់របស់ពួកគេបានកើនឡើងត្រឹមតែ ១,៧% ប៉ុណ្ណោះ ដោយសារតែភាពតានតឹង ដែលកំពុងបន្តនៅក្នុងប្រទេសចិន និងការបិទខ្ទប់ នៅក្នុងទីផ្សារធំៗ ដូចជាប្រទេសជប៉ុនជាដើម ៕
ប្រភព: CNA