ក្រុមហ៊ុន Amazon គ្រោងនឹងពង្រីកកម្លាំងពលកម្មរបស់ខ្លួនបន្ថែមទៀត ដោយមានបំណងបន្ថែមការងារច្រើនជាង ២០០ កន្លែង ជាមួយនឹងការិយាល័យថ្មី នៅអគារ Asia Square នៅក្នុងប្រទេសសិង្ហបុរី។
បើតាមក្រុមហ៊ុនរបស់អាមេរិកដែលលក់ទំនិញរាយតាមអ៊ីនធឺណិតមួយនេះ បាននិយាយថា ៖ ” ក្រុមហ៊ុនគ្រោងនឹងពង្រីកកម្លាំងពលកម្មបន្ថែមទៀត ទៅលើផ្នែកអាជីវកម្មអ្នកប្រើប្រាស់ និងមុខងារសាជីវកម្ម ខណ:បច្ចុប្បន្នមានការងារជាង ១១០ កន្លែងហើយ ដែលកំពុងបើកចំហរនៅក្នុងប្រទេសសិង្ហបុរី ” ។
មិនតែប៉ុណ្ណោះ Amazon ក៏មានបំណងបន្ថែមការងារថ្មីជាង ២០០ កន្លែង ដល់មុខតំណែងទាំងនេះផងដែរ នៅក្នុងប្រទេសសិង្ហបុរីរហូតដល់ចុងឆ្នាំ ២០២២ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន នៅក្នុងប្រទេស ក៏ដូចជាចូលរួមគាំទ្របន្ថែមទៀត សម្រាប់អាជីវកម្មនៅក្នុងស្រុក ដើម្បីនាំឆ្ពោះទៅកាន់ទីផ្សារ សកលលោក ។
ក្រុមហ៊ុន បាននិយាយទៀតថា ខ្លួនបានបង្កើតការងារ ច្រើនជាង ១,០០០ កន្លែងរួចមកហើយ នៅសិង្ហបុរី ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយមានបុគ្គលិកពេញម៉ោង និងបុគ្គលិក part-time ប្រហែល ២០០០ នាក់ គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ។
គួរឲ្យដឹងថា ការិយាល័យថ្មីរបស់ក្រុមហ៊ុន Amazon នេះ គឺមានទីតាំងស្ថិតនៅអគារ Asia Square ដែលគ្របដណ្តាប់ជាង ៩ពាន់ម៉ែត្រការ៉េ មាន ៣ ជាន់ ។ ខណ:ការិយាល័យនេះផងដែរ នឹងអាចផ្ទុកបុគ្គិលិករហូតដល់ទៅ ៧០០ នាក់ ពីផ្នែកអាជីវកម្ម និងមុខងារសាជីវកម្មរបស់ខ្លួន ។
បន្ថែមពីនោះ ការិយាល័យថ្មីនេះ នឹងមានក្រុមការងាររហូតដល់ទៅ ៣០ក្រុម រួមបញ្ចូលទាំងបុគ្គលិកកាន់ផ្នែក Amazon.sg, Amazon Fresh, Amazon Advertising, Prime Video, ផ្នែកលក់ ក៏ដូចជាមុខងារសាជីវកម្ម កាន់ក្នុងតំណែងផ្សេងៗទៀត ។
ដោយឡែករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Gan Kim Yong បាននិយាយថា Amazon គឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រដល់សហគមន៍ធុរកិច្ចក្នុងស្រុក និងជួយលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសសិង្ហបុរីផងដែរ ៕
ប្រភព: CNA