ធនាគារ​​ចាប់​ផ្ដើម​ក្ស័យធន​ មន្ត្រីរាជការ​មិនមាន​ប្រាក់ខែ ចិន​ស្នើសុំ​ធនាគារ​ពិភពលោក និង IMF កុំ​បោះ​បង់​អាហ្វហ្កានីស្ថាន

អន្តរជាតិ

​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​ទទូច​ស្នើសុំ​ឲ្យ​ធនាគារ​ពិភពលោក World Bank និង​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​ហៅ​កាត់ IMF បន្ត​ផ្គត់ផ្គង់​ប្រទេស​អាហ្វហ្គានីស្ថាន​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ស្ដារ​ប្រទេស​ឡើង​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំង​ពី​ក្រុម​ឧទ្ទាម​តាលីបង់​គ្រប់គ្រង​ប្រទេស​កាលពី​ខែសីហា​កន្លង​ទៅ ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ត្រូវបាន​បង្កក​ស្ទះ​នៅ​ធនាគារ​កណ្ដាល ខណៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ក៏​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ជំនួយ​ដល់​ប្រទេស​មួយ​នេះ​។

ធនាគារ​ជាច្រើន​ចាប់​ផ្ដើម​ក្ស័យធន​បណ្ដើរៗ ខណៈ​មន្ត្រីរាជការ​មិនមាន​ប្រាក់ខែ ហើយ​ថ្លៃ​ម្ហូប​អាហារ​ក៏​មាន​ការ​កើនឡើង​ខ្លាំង​ថែមទៀត។ IMF បាន​និយាយ​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​អាច​ធ្លាក់ចុះ​ដល់ ៣០% ក្នុង​ឆ្នាំ​នេះ ដែល​អាច​បណ្ដាល​ឲ្យ​កំណើន​នៃ​ជនភៀសខ្លួន​មាន​ការ​កើនឡើង​កាន់តែ​ច្រើន។

“ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​កំពុង​ត្រូវការ​ជំនួយ​ខ្លាំង​ស្ទើរ​គ្រប់វិស័យ​ទាំងអស់ ហើយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​សេដ្ឋកិច្ច​គឺ​ជា​ចំណុចអាទិភាព”។ នេះបើតាម​ការ​និយាយ​របស់លោក Wang តាម​រយៈ​ការ​ប្រជុំ​អនឡាញ​ជាមួយ​មន្ត្រីការបរទេស​នានា​ដែល​ជា​អ្នកជិតខាង​ប្រទេស​អាហ្វហ្គានីស្ថាន។

បញ្ជាក់​ដែរ​ថា ប្រទេស​ចិន​បាន​សន្យា​ថា នឹង​ចំណាយ​ទឹកប្រាក់ ៣០ លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ជួយ​ជា​មូលនិធិ​មនុស្សធម៌​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន ស្របពេល​កន្លង​មក​ចិន​តែងតែ​ប្រកូក​ប្រកាស​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្យាយាម​ធ្វើការ​ទំនាក់​ទំនង​ជាមួយ​ក្រុម​តាលីបង់​ ជាជាង​គេចវេស​មិន​រក​ដំណោះស្រាយ​បែបនេះ៕

ប្រភព: Kelo