ការនាំចេញបង្គារបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ២២% ដែលគិតជាចំនួនទឹកប្រាក់មានចំនួនជាង ៧៧៥ លានដុល្លារ ក្នុងរយ:ពេល ៩ ដំបូងនៃឆ្នាំនេះ បើទោះបីជាមានផលប៉ះពាល់ខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ យ៉ាងណានេះបើតាមការលើកឡើងរបស់មន្ត្រីគយវៀតណាម ។
ជាក់ស្តែងកំណើននេះ គឺមានចំនួនខ្ពស់ជាង ៨ ដងនៃការនាំចេញបង្គាសរុប ដែលបានកើនឡើង ២,៦% ក្នុងចំនួនទឹកប្រាក់ ២,៧ ពាន់លានដុល្លារអាមេរិក ។

មិនតែប៉ុណ្ណោះ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានបង្ហាញពីកំណត់ត្រាថ្មីៗនេះថា តម្រូវការរបស់សហរដ្ឋអាមេរិក នៅតែមានកម្រិតខ្ពស់ ជាពិសេសនៅពេលដែលសេដ្ឋកិច្ច កំពុងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីការផ្ទុះឡើងននៃកូវីដ ១៩ និងជាពិសេសនៅពេលរដូវកាលទិញទំនិញចុងឆ្នាំនេះ ខិតជិតមកដល់ ។
យ៉ាងណា គិតនៅត្រឹមខែកញ្ញា គឺជាខែទី ១០ ជាប់ៗគ្នាហើយ ដែលការនាំចូលបង្គារបស់សហរដ្ឋអាមេរិក មានកើនឡើងខ្លាំង ដោយជាមធ្យមពួកគេ បាននាំចូលនៅក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៨០០ លានដុល្លារ ក្នុងមួយខែៗ សម្រាប់រយ:ពេល ១០ ខែកន្លងមកនេះ ។

ជាមួយគ្នានេះ VASEP បាននិយាយទៀតថា សហរដ្ឋអាមេរិកបាននឹងកំពុងបង្កើនការនាំចូលបង្គា ពីតំបន់អេក្វឌ័រតាំងពីដើមឆ្នាំនេះមកម្លេះ ប៉ុន្តែដោយសារតែនៅទីនោះបានប្រឈមមុខជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ ដូច្នេះហើយទើបបានបើកដៃឲ្យវៀតណាម មានឱកាសជំរុញការនាំចេញរបស់ខ្លួន ទៅកាន់អាមេរិកខ្លាំង ។
លើសពីនេះ ក្រុមហ៊ុននាំចេញរបស់វៀតណាម ក៏ទំនងជានឹងទទួលបានអត្ថប្រយោជន៍ផងដែរ ពីរដូវកាលទិញទំនិញ នៅពេលបុណ្យណូអែលក្នុងទំបន់អឺរ៉ុបខិតជិតមកដល់ ដែលធ្វើឲ្យតម្រូវការនឹងមានការកើនឡើង ៕
ប្រភព: VN Express