លោក Zhang Yong គឺជាស្ថាបនិកហាងស៊ុបល្បីឈ្មោះ Haidilao ដែលមានរាប់រយសាខាទូទាំងសកលលោក និងជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសសិង្ហបុរី ខណៈលោកគឺជាបុគ្គលដែលមានប្រវត្តិតស៊ូក្នុងវិស័យជំនួញមិនធម្មតា ទម្រាំក្លាយជាបុគ្គលមានឥទ្ធិពលដូចសព្វថ្ងៃនេះ។
អត្ថបទមួយនេះ ឧកញ៉ាញូវសន៍សូមលើកបង្ហាញនូវជីវប្រវត្តិបុគ្គលមានបំផុតនៅសិង្ហបុរីមកបកស្រាយជូនប្រិយមិត្តអ្នកអានដូចតទៅ៖
លោក Zhang Yong កំពុងរស់នៅប្រទេសសិង្ហបុរី ជាមួយទ្រព្យសម្បត្តិប្រមាណ១៥,៨ ពាន់លានដុល្លារ និងបច្ចុប្បន្នមានវ័យ ៥០ ឆ្នាំ និងជាបុគ្គលមានបំផុតប្រចាំសិង្ហបុរីផងដែរ។ តែបើសង្កេតមើលឲ្យមែនទែនទៅ លោក Zhang មានការបម្លាស់ទីមករស់នៅសិង្ហបុរីកាលពីឆ្នាំ២០១៨ ក្រោយចេញពីស្រុកកំណើតពីប្រទេសចិន និងទទួលបានសញ្ជាតិសិង្ហបុរី។
នេះក៏មានន័យថា ស្រុកកំណើតរបស់លោក Zhang គឺនៅប្រទេសចិនទេ ដោយលោកបានកើតនៅឆ្នាំ ១៩៧០ នៅតំបន់ជនបទ Jianyang នៅខេត្ត Sichuan។ កាលពីឆ្នាំ ២០១៩ នៅក្នុងបទសម្ភាសន៍មួយនៅសាកលវិទ្យាល័យ Hupan ទីក្រុង Hangzhou មហាសេដ្ឋីរូបនេះទម្លាយថា កុមារភាពរបស់លោកគឺដឹងក្ដីឡើងជាមួយនឹងភាពអត់ឃ្លាន និងក្រខ្សត់។
ដូច្នេះហើយទើបបានជាគេសង្កេតឃើញថា បុគ្គលិកនៅក្រុមហ៊ុន Haidilao នៅប្រទេសចិនភាគច្រើនគឺ ជាយុវជន និងយុវតីក្មេងៗដែលធំធាត់ឡើងនៅទីក្រុងដាច់ស្រយាល ជាមួយនឹងចំណេះដឹងមិនសូវទូលំទូលាយ។។
បើនិយាយពីប្រវត្តិអាជីវកម្មរបស់មហាសេដ្ឋីចិនវិញ គឺលោកមានចក្ខុវិស័យប្លែកពីគេ គឺមានបំណងចង់ឲ្យពិភពលោកស្គាល់នូវស៊ុបចិន ហើយក្ដីស្រមៃមួយនេះក៏បានក្លាយជាការពិត ដោយ Haidilao បានក្លាយជាហាងស៊ុបមានសាខាច្រើនកន្លែង ខណៈចំណុចផ្ដើមដំបូងគឺលោកផ្ដើមចេញពីនៅស្រុកកំណើត Sichuan តាំងពីក្មេងមុនចាប់ផ្ដើមបោះជំហានបើកសាខាផ្សេងៗ។
២៥ ឆ្នាំក្រោយ រាប់ចាប់តាំងពីការបើកហាងដំបូងនៅទសវត្ស ១៩៩០ យីហោស៊ុបចិនមួយនេះចាប់ផ្ដើមសាយភាយមានសាខាច្រើនជាង ៤៦០ សាខាទូទាំងពិភពលោក ដែលមាននៅប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា សិង្ហបុរី ម៉ាឡេស៊ី និងសូម្បីតែកម្ពុជាផងដែរ។
ក្រឡេកមកដឹងពីប្រវត្តិសិក្សារបស់លោក Zhang គ្រប់គ្នាប្រហែលជាមានភាពភ្ញាក់ផ្អើលខ្លាំង ដោយសារលោករៀនដោយខ្លួនឯងតាមរយៈអានសៀវភៅអន្តរជាតិតាមបណ្ណាល័យ និងពេលខ្លះគឺរៀនតាមការឃោសនា ដោយសារគ្រានោះស្រុកទេសគឺស្ថិតនៅក្រោមការគ្រប់គ្រងបែបកុម្មុយនីស្តដោយអនុញ្ញាតឲ្យបោះពុម្ពផ្សាយតែសៀវភៅបែបឃោសនាប៉ុណ្ណោះ។
បណ្ណាល័យនៅស្រុកភូមិរបស់ Zhang គឺមានតែសៀវភៅបែបឃោសនាតាំងពីលោកដឹងក្ដីដល់ឆ្នាំ ១៩៨០ រហូតដល់ឆ្នាំ ១៩៨៣ និង ៨៤ ទើបចាប់ផ្ដើមមានសៀវភៅថ្មីៗខ្លះដែលរាប់បញ្ចូលទាំងសៀវភៅប្រវត្តិសាស្ត្រ និងកំណាព្យនិពន្ធដោយកវីល្បីឈ្មោះជនជាតិឥណ្ឌា Rabindranath Tagore ហើយលោកបានអះអាងថា ក្រោយអានសៀវភៅអស់ទាំងនោះ ទើបលោកដឹងថា លោកគឺជាកង្កែបក្នុងអណ្ដូង។
ចូលដល់វ័យជំទង់ Zhang មិនបានបន្តសិក្សានៅថ្នាក់វិទ្យាល័យឡើយ ហើយបានធ្វើការជាបុគ្គលិករោងចក្រនៅក្នុងតំបន់បានរយៈពេល ៦ ឆ្នាំ។ ថ្ងៃមួយក្រោយធុញទ្រាន់អាហារនៅក្រុមហ៊ុនពេក Zhang បានហ៊ានចំណាយលុយចូលហូបអាហារឆ្ងាញ់ៗនៅហាងម្ដងដែលនោះ គឺជាស៊ុបចិននេះឯង ហើយលោកបាននិយាយថា អាហារនៅទីនោះពិតជាឆ្ងាញ់ តែបុគ្គលិកបែរជាមានអាកប្បកិរិយាមិនសមរម្យ ទើបធ្វើឲ្យលោកជឿថា ចំណុចសំខាន់បំផុតនៃការធ្វើជំនួញគឺ ផ្នែកបម្រើសេវាកម្មអតិថិជនគឺត្រូវតែល្អឥតខ្ចោះ។
ក្រោយមក លោក Zhang បានសម្រេចចិត្តបោះបង់ការងារនៅរោងចក្រ ក្រោយមានបញ្ហាតិចតួច និងងាកមកបើករបរដោយខ្លួនឯងវិញ ជាមួយនឹងកម្ចីពីមិត្តភក្ដិ ២ នាក់រួមជាមួយប្រពន្ធរបស់លោកផងដែរ។
ហាងដែលលោកបើកដំបូងនោះ គឺជាហាងស៊ុបដែលមានតុតែ ៤ ប៉ុណ្ណោះ ហើយថវិកាចំណាយកាលនោះ គឺប្រមាណ ១ ម៉ឺនយ័ន ឬ ១៥០០ ដុល្លារអាមេរិក ដែលទឹកប្រាក់ទាំងនេះគឺជាកម្ចីពីមិត្តភក្កិរបស់លោកទាំងស្រុង។
ប្រាប់ទៅកាន់ Economic Observer បុរសខាងលើនិយាយ៖ “កាលនោះខ្ញុំដាច់យ៉ៃមែនទែន ខណៈគ្រប់គ្នាគឺរកស៊ីខាងផ្នែកវិនិយោគ។ ខ្ញុំបានសន្យាជាមួយពួកគេថា ប្រាក់របស់ពួកយើងនឹងកើនឡើងដល់ ១៥ ម៉ឺនយ័ន ក្នុងរយៈពេល ៥ ឆ្នាំ។ ខ្ញុំស្បថថាបើខ្ញុំមិនអាចធ្វើវាបានទេ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីដោះបំណុលនេះ”។
តែប្រាក់កម្ចីដែលមិត្តភក្ដិរបស់ Zhang បានឲ្យខ្ចីនោះ បានប្រែជាទ្រព្យសំណាងជួយពួកគេក្លាយជាមហាសេដ្ឋីដូចសព្វថ្ងៃនេះ។
តុមានតែ ៤ ទេក្នុងហាង ចុះម៉េចបានលក់ដាច់ម៉្លឹងៗ? នេះច្បាស់ជាសំនួរដែលគ្រប់គ្នាកំពុងតែឆ្ងល់ ហើយសម្រាប់ Admin ផ្ទាល់ក៏ឆ្ងល់ដូចគ្នា តែលោក Zhang គឺមានយុទ្ធសាស្ត្រដ៏ប្លែកពីគេនាសម័យនោះ ដោយលោកមានគំនិតច្នៃប្រឌិតពីហាងដទៃ ដែលភ្ញៀវអង្គុយចាំតែហូបស៊ុប។
ហាងរបស់លោក Zhang គឺមានផ្ដល់នូវដូចជាល្បែងកំសាន្តដល់ភ្ញៀវកំឡុងពេលរង់ចាំការកុម៉្មង់ ក៏ដូចជា Free ជូននូវអាហារសម្រន់ និងការបញ្ចុះតម្លៃផ្សេងៗ។ លោក Zhang ទម្លាយថា ចេញលក់ដំបូងៗ លោកមិនចេះធ្វើទឹកស៊ុបប៉ុន្មានទេ ដូច្នេះហើយទើបផ្ដោតមកខាងសេវាកម្មបម្រើអតិថិជនជាគោលវិញ។
អាចនិយាយបានថា ក្រៅពីស៊ុប Haidilao គឺផ្ដោតសំខាន់ទៅលើការបម្រើសេវាកម្មអតិថិជនតែម្ដង ជាក់ស្ដែងពួកគេក៏មាននូវសេវាកម្មសំអាតស្បែកជើងស្បែក កៅអីម៉ាស្សាសម្រាប់អតិថិជនកំពុងរង់ចាំលេខរៀង កន្លែងក្មេងលេងកម្សាន្ត។
សូម្បីតែកំឡុងពេលញាំ ក៏ពួកគេផ្ដល់ជូនភ្ញៀវនូវសេវាកម្មល្អឥតខ្ចោះដែរ ដូចជាផ្ដល់ជូនជាអាហារសម្រន់ទាំងនំ ឬផ្លែឈើជាដើម។
ក្រៅពីយកចិត្តទុកដាក់ដល់ភ្ញៀវ មហាសេដ្ឋីរូបនេះក៏ទម្លាយដែរថា ចំពោះបុគ្គលិក Haidilao ទាំងអស់គឺសុទ្ធតែទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នា ពោលសូម្បីតែ CEO, Yang Xiaoli ក៏វិវត្តខ្លួនពីអ្នករត់តុដែរ ដែលនេះគឺមានន័យថាឱកាសឡើងតំណែងនៅ Haidilao គឺមានស្មើៗគ្នា។
បញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៩ នៅពេលទស្សនាវដ្ដី Forbes ប្រកាសចុចឈ្មោះលោក Zhang Yong ជាបុគ្គលមានបំផុតនៅសិង្ហបុរី បានធ្វើឲ្យប្រជាជនចិនមួយចំនួនមានការខឹងសម្បារជាខ្លាំង ដោយចោទលោកថា គេចវេសធ្វើការអន្តោប្រវេសន៍ ដោយសារមិនអាចឈរជើងខ្លាំងនៅប្រទេសចិន ទាំងដែលមុនលោកមករស់នៅសិង្ហបុរី ស្ថាបនិក Haidilao ក៏ធ្លាប់ជាប់ឈ្មោះអ្នកមានបំផុតប្រចាំប្រទេសចិនទាំង២០ រូបកាលពីឆ្នាំ ២០១៨ ផងដែរ៕
ប្រភព: businessinsider