អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មុនចាកចេញពីដំណែងបានបន្សល់ទុកនូវជម្លោះដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ខណៈក្នុងកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃអាទិត្យ ទី៣១ ខែតុលាម្សិលមិញ អាមេរិក និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះដែលនាំឲ្យទំនាក់ទំនងពាណិជ្ជកម្មសម្ព័ន្ធមិត្តទាំងពីរតានតឹងខ្លាំងនឹងគ្នាក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
គួររម្លឹកថា កាលពីខែមិថុនា ឆ្នាំ ២០១៨ រដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំ បានប្រកាសដំឡើងពន្ធលើដែកថែប ២៥% និងអាលុយមីញ៉ូម១០% ដែលនាំចូលទៅអាមេរិក ពីប្រទេសមួយចំនួន រួមមានទាំងសហភាពអឺរ៉ុបដែលជាមិត្តនឹងគ្នាផង។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បានវាយបកវិញយ៉ាងឆាប់រហ័សដោយចាត់វិធានការសំដៅយកពន្ធខ្លាំងលើផលិតផលរបស់អាមេរិកមានជាអាទិ៍ម៉ូតូធំ ស្រា ថ្នាំជក់ ពោត អង្ករ និងទឹកក្រូច។
កិច្ចព្រមព្រៀងខាងលើត្រូវបានប្រកាសជាផ្លូវការនៅទីក្រុងរ៉ូម ដោយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន។
លោក បៃដិន បាននិយាយថា កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបបានទៅដកចេញភ្លាមៗនូវពន្ធលើដែកថែប និងអាលុយមីញ៉ូមនាំចូលពីសហភាពអឺរ៉ុបដែលត្រូវបានប្រកាសដំឡើងយកពន្ធដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ ២០១៨។
ជាការឆ្លើយតប សហភាពអឺរ៉ុប បានសម្រេចដកចេញវិញនូវវិធានការយកពន្ធច្រើនលើផលិតផលនាំមកចូលពីអាមេរិក មានដូចជា ស្រា whiskey ម៉ូតូធំ (Harley-Davidson) និងទូកម៉ូតូដែលមានល្បឿនលឿនជាដើម៕