ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងពេញលេញ មកពីប្រទេសចំនួន ១៧ បន្ថែមទៀត ដោយពុំតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ ដែលនេះបានបង្កើនចំនួនប្រទេសដែលបានកំណត់ពីមុន ត្រឹមតែ ៦៣ ប្រទេស ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី ២១ ខែតុលា រដ្ឋាភិបាលថៃ បានចេញសេចក្តីប្រកាសមួយ ដើម្បីអនុញ្ញាតឲ្យអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស មកពី ៦៣ ប្រទេស ចូលមកលេងកម្សាន្តនៅក្នុងប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ពោលគឺតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ប៉ុណ្ណោះ នៅពេលចុះពីលើយន្តហោះ ។
ជាមួយគ្នានេះ ប្រទេសដែលបានដាក់បញ្ចូលនៅក្នុងសេចក្តីប្រទេសនោះ មានដូចជា អូស្ត្រាលី, អូទ្រីស, បារ៉ែន, បែលហ្ស៊ិក, ប៊ូតង់, ប្រ៊ុយណេ, ប៊ុលហ្គារី, កម្ពុជា, កាណាដា, ឈីលី, ចិន, ស៊ីប, សាធារណរដ្ឋឆេក, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងកុង, ហុងគ្រី, អ៊ីស្លង់, អៀរឡង់, អ៊ីស្រាអែល, អ៊ីតាលី, ជប៉ុន, ឡាតវី, លីទុយអានី, ម៉ាឡេស៊ី, ម៉ាល់តា, ហូឡង់, នូវែលសេឡង់, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់, កាតា, អារ៉ាប៊ីសាអូឌីត, សិង្ហបុរី, ស្លូវេនី, កូរ៉េខាងត្បូង, អេស្ប៉ាញ, ស៊ុយអែត, ស្វីស, អារ៉ាប់រួម, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។

ប៉ុន្តែយ៉ាងណា បើយោងតាមសេចក្តីប្រកាសថ្មីមួយ ដែលបានចុះហត្ថលេខាដោយលោក Thani Thongphakdi រដ្ឋលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកលើកិច្ចការបរទេស បានសម្រេច ដាក់បញ្ចូលប្រទេសចំនួន ១៧ បន្ថែមទៀត ដូចជា ឥណ្ឌា, តៃវ៉ាន់, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, ក្រូអាត, ឥណ្ឌូនេស៊ី, គុយវ៉ែត, ម៉ាល់ឌីវ, ម៉ុងហ្គោលី, នេប៉ាល់, អូម៉ង់, រូម៉ានី, ស្លូវ៉ាគី, ស្រីលង្កា, វៀតណាម និងលុចសំបួ ដែលពុំតម្រូវឲ្យធ្វើចត្តាឡីស័ក ពេលចូលមកលេងកម្សាន្តនោះឡើយ ។

ដោយឡែកសម្រាប់ ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សំាងពេញលេញ មកពីប្រទេសផ្សេងទៀត ដែលមិនស្ថិតនៅក្នុងបញ្ជីខាងលើ ក៏នឹងត្រូវអនុញ្ញាតឲ្យចូលមកលេងកម្សាន្តបានផងដែរ ប៉ុន្តែពួកគេនឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយ:ពេលមួយសប្តាហ៍ពេញ មុនពេលអាចធ្វើដំណើរ ទៅកាន់ផ្នែកផ្សេងៗនៃប្រទេស ។
មួយវិញទៀត សម្រាប់ភ្ញៀវទេចរ ដែលមិនទាន់ចាក់វ៉ាក់សាំង ឬចាក់មិនទាន់គ្រប់ដូស ឥឡូវនេះក៏អាចចូលមកលេងកម្សាន្តបានផងដែរ ប៉ុន្តែត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារ រហូតដល់ទៅ ១០ ថ្ងៃពេញ ៕
ប្រភព: Bangkok Post