ក្រុមគ្រួសារចិនទាំងអស់គួរតែព្យាយាមទិញស្បៀងអាហារទុកនៅផ្ទះរៀងៗខ្លួន និងរបស់របរប្រើប្រាស់ដែលចាំបាច់នៅរដូវរងានេះ ដើម្បីបង្ការបញ្ហាខ្វះខាតតម្រូវការនាពេលក្រោយ។ នេះបើតាមការអះអាងពីមន្ត្រីក្រសួងពាណិជ្ជកម្ម។
ប្រភពដដែលបានបន្ថែមថា អាជ្ញាធរមូលដ្ឋានបានធ្វើការតាមផែនការបានខ្ជាប់ខ្ជួនល្អក្នុងការធានានូវស្បៀងអាហារតាមមូលដ្ឋានរៀងៗខ្លួន ខណៈរដ្ឋាភិបាលក៏បានធានាដែរថា ស្បៀងអាហារនានាគឺត្រូវបានសាកួរទុកជាមុនរួចស្រេចនៅរដូវរងាខាងមុខ។
រដ្ឋាភិបាលបានដាស់តឿនឲ្យអាជ្ញាធរមូលដ្ឋានព្យាយាមទិញនូវបន្លែ ផ្លែឈើណាដែលអាចរក្សាទុកបានយូរនៅកម្រិតសីតុណ្ហភាពទាប និងព្យាយាមពង្រឹងនៅបណ្ដាញ ក៏ដូចជាកម្លាំងចែកចាយស្បៀងនៅពេលមានអាសន្នណាមួយកើតឡើងជាយថាហេតុ។
មូលហេតុដែលរដ្ឋាភិបាលដាស់តឿនឲ្យប្រជាពលរដ្ឋទិញស្បៀងទុកនៅផ្ទះរៀងៗខ្លួន គឺដោយសារមួយរយៈកាលនេះ គឺមានភ្លៀងធ្លាក់ជោគជាំទូទាំងប្រទេស ធ្វើឲ្យតម្លៃបន្លែមានការកើនឡើងខ្លាំង ខណៈតម្រូវការទីផ្សារក៏មានច្រើនដូចគ្នា ទើបធ្វើឲ្យរដ្ឋាភិបាលបារម្ភខ្លាចនាថ្ងៃខាងមុខ តម្លៃនៃម្ហូបអាហារនៅតែបន្តកើនឡើង ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារនីមួយៗជួបភាពលំបាក។
យ៉ាងណា កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសថា នឹងព្យាយាមពង្រឹងផ្នែកកសិកម្ម ដូចជាកាត់បន្ថយការខាតបង់នៃការប្រមូលផលម្ដងៗ និងព្យាយាមកែច្នៃអាហារដែលសល់ពីផ្ទះបាយ ដើម្បីអាចធានាបាននូវសន្តិសុខផ្នែកអាហារទូទាំងប្រទេសផងដែរ៕
ប្រភព: Kelo