វៀតណាម​គ្រោង​ចាប់ផ្ដើម​សាងសង់​ផ្លូវដែក​ ​អាច​រត់​ល្បឿន ៣២០ គីឡូម៉ែត្រ/ម៉ោង

អន្តរជាតិ

​ថ្មីៗនេះ មន្ត្រី​ក្រសួង​ដឹកជញ្ជូន​បានប្រកាស​ពី​គម្រោង​ផ្លូវដែក​ល្បឿនលឿន ដែល​រត់​ពី​ភាគ​ខាងជើង​ទៅ​ខាងត្បូង​នៃ​ប្រទេស និង​ជា​ផ្លូវ​សេដ្ឋកិច្ច​ពិសេស​ភ្ជាប់​ពី​ទីក្រុង​ហាណូយ​ ទៅ​កាន់ HCMC នៅ​ឆ្នាំ ២០២៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន​គ្រោងការមួយ​នេះ​នៅ​មិនទាន់​អនុវត្ត​នៅ​ឡើយ ដោយ​ត្រូវរង់ចាំ​សេចក្ដី​សម្រេច​ពី​ខាង​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ និង​រដ្ឋសភា​ជា​មុន​សិន។ នេះ​បើ​តាមការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​ Nguyen Van បាន​និយាយ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ​។

គម្រោង​កញ្ចប់​ថវិកា​​ចំណាយ​អស់​ប្រមាណ ១១២ ទ្រីលាន​វៀតណាមដុង ឬ ៤,៩៣ ពាន់​លាន​ដុល្លា​អាមេរិក ដែល​វា​នឹង​អាច​ភ្ជាប់​ពី​ទីក្រុងហាណូយ​ ទៅកាន់​តំបន់ Vinh និង​ពី​ HCMC ទៅកាន់​តំបន់ Nha Trang។

នៅពេល​ដែល​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​សាងសង់​រួច វា​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹកទំនិញ​ជា​អាទិភាព និង​អាច​រត់បាន​ដល់​ទៅ ១ ៥៤៥ គីឡូម៉ែត្រ ជាមួយ​ល្បឿន​អតិបរមា ៣២០ គីឡូម៉ែត្រ/ម៉ោង។

មិន​ត្រឹម​តែប៉ុណ្ណោះ ផ្លូវ​មួយ​ខ្សែ​នេះ​អាច​នឹង​ក្លាយជា​កូនសោ​សំខាន់​សម្រាប់​ការ​ដឹកជញ្ជូន​នា​ពេល​អនាគត ហើយ​អាជ្ញាធរ​តាម​មូលដ្ឋាន​នឹង​ត្រូវ​តែ​ធ្វើ​ការសហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​តំបន់​ជនបទ​ដែល​ស្ថិត​នៅ​ដង​ផ្លូវ​នៃ​ផ្លូវដែក​មួយ​ខ្សែ​នេះ។

បច្ចុប្បន្ន​ វៀតណាម​មាន​ផ្លូវដែក ៧ ខ្សែ​ដែល​អាច​រត់​បាន ២ ៤៤០ គីឡូម៉ែត្រ ខណៈ​រដ្ឋាភិបាល​គ្រោង​សាងសង់​បន្ថែម ៩ ខ្សែ​ទៀត​នៅ​ឆ្នាំ ២០៣០ ដែល​មាន​ប្រវែង ២ ៣៦២ គីឡូម៉ែត្រ​រាប់​បញ្ចូល​ទាំង​គម្រោង​ខាងលើ​ផង ហើយ​នៅ​ឆ្នាំ ២០៥០ ពួកគេ​មាន​បំណង​ចង់​បង្កើត​ផ្លូវដែក​ឲ្យ​បាន ២៥ ខ្សែ​ដែល​អាច​រត់បាន ៦ ៣៥៤ គីឡូម៉ែត្រ៕

ប្រភព: vnexpress