ក្រោយបិទរោងចក្រផ្អាកផលិតសម្ភារៈកីឡាអស់រយៈពេលរាប់ខែ ក្រោយវៀតណាមជួបវិបត្តិកូវីដ ១៩ ពេលនេះរោងចក្រជាង ២០០ កន្លែងដែលផលិតសម្ភារៈកីឡាសម្រាប់ក្រុមហ៊ុន Nike ចាប់ផ្ដើមបើកដំណើរការសារជាថ្មីឡើងវិញហើយ។

កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ រោងចក្ររបស់ Nike នៅវៀតណាមបានផ្អាកសង្វាក់ផលិតកម្មជិត ៨០% ដោយសាររដ្ឋាភិបាលបង្ខំចិត្តចេញសេចក្ដីប្រកាសបិទតំបន់ដែលឆ្លងខ្លាំង ខណៈរោងចក្រភាគច្រើនគឺតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្ន។
ដោយសារបច្ចុប្បន្នស្ថានការហាក់មានភាពប្រសើរឡើងបន្តិច រដ្ឋាភិបាលអនុញ្ញាតឲ្យរោងចក្រនានាបើកដំណើរការធម្មតា ស្របពេលបញ្ហាចំបងដែលពួកគេត្រូវជួបប្រទះ គឺកង្វះខាតកម្លាំងពលកម្ម។

ប្រជាជនប្រមាណ ៣ លាននាក់នៅវៀតណាម រកចំណូលបានដោយសារការងារនៅរោងចក្រផលិតស្បែកជើងមួយនេះ ខណៈអាជ្ញាធរមូលដ្ឋានកំពុងដុតដៃដុតជើងពន្លឿនការចាក់វ៉ាក់សាំងដល់បុគ្គលិករោងចក្រឲ្យបានកាន់តែលឿន។
បើទោះជាត្រូវសម្រាកអស់រយៈពេលប្រមាណជិត ៤ ខែក្ដី តែក្រុមហ៊ុន Nike បានសន្យា និងព្យាយាមពង្រីងវិសាលភាពនៃក្រុមហ៊ុនរបស់ពួកគេនៅវៀតណាម ឲ្យកាន់តែច្រើនជាងមុនថែមទៀត។ នេះបើតាមការអះអាងពីរដ្ឋាភិបាលវៀតណាម ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Nike ប្រធានផ្នែកនិរន្តភាព Noel Kinder ប្រចាំតំបន់កន្លងទៅ៕
ប្រភព: Kelo