ទីក្រុងបាងកកអាចនិយាយបានថា ជាទីក្រុងប្រណិតបំផុតមួយនៅអាស៊ី ក៏ព្រោះតែភ្ញៀវទេសចរណ៍ភាគច្រើន ឲ្យតែមកលេងតំបន់អាស៊ីអាគ្នេយ៍ គឺមិនងាយរំលងទីក្រុងមួយនេះឡើយ។ ដូច្នេះហើយ បើនិយាយថាតម្លៃអចលនទ្រព្យនៅទីក្រុងមួយនេះ មានតម្លៃថ្លៃ គឺពិតជាត្រឹមត្រូវណាស់ ដោយសារដូចបានដឹងហើយ ទាំងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ទីក្រុងបាងកកគឺល្អទាំងព្រមតែម្តង។
សារព័ត៌មានឧកញ៉ាញូស៍ថ្ងៃនេះសូមបង្ហាញតំបន់អចលនទ្រព្យ ៥ កន្លែងទំនើប និងស៊ីវិល័យបំផុតនៅទីក្រុងបាងកក៖
1/ តំបន់ Sathorn
តំបន់ Sathorn ត្រូវបានគេដាក់រហស្សនាមឲ្យថា ជាតំបន់ហិរញ្ញវត្ថុនៃទីក្រុងបាងកក ដែលមានទីតាំងកណ្តាលគឺជាសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុង ដែលប្រជុំទៅដោយកន្លែងការិយាល័យលំដាប់ខ្ពស់ដូចជា Empire Towers និង Sathorn Square ជាដើម។
ជាមួយនឹងទីប្រជុំជនអ៊ូអរ ផ្លូវរថភ្លើង ៥ ខ្សែ Sathorn ពិតជាសក្ដិសមជាកន្លែងប្រណីតសម្រាប់រស់នៅលំដាប់ជាន់ខ្ពស់ពិតមែន ព្រោះនៅតំបន់នេះគឺមានគ្រប់យ៉ាង រាប់តាំងពីកន្លែង Shopping ទំនើបៗ កន្លែងញាំអាហារថ្លៃៗ និងសូម្បីតែក្លឹបកំសាន្តរាត្រី។
តម្លៃខុនដូនៅតំបន់នេះ មានតម្លៃឈ្នួលប្រហែលចន្លោះពី ២៥ ០០០ បាត (៧៥០ ដុល្លារ) ដល់ ២៤០ ០០០បាត (៧ ២០០ដុល្លារ) ក្នុងមួយខែ។
2/ Lumphini
តំបន់ Lumphini គឺល្បីឈ្មោះដោយសារទីប្រជុំជន Pathum Wan ដែលសំបូរទៅដោយខុនដូទំនើបៗ តាមបណ្ដោយផ្លូវ Rajadamri, Wireless Road និង Rama 4។ មួយវិញទៀត Lumphini ល្បីឈ្មោះដោយសារទីនេះ គឺសុទ្ធតែបុគ្គលលំដាប់ជាន់ខ្ពស់រស់នៅ ហើយភាគច្រើនគឺជាមន្ត្រីការទូតដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីតាលី ហុងគ្រី ហ្វាំងឡង់ និងនូវែលសេឡង់។
ដូច្នេះហើយវាមិនមែនជារឿងភ្ញាក់ផ្អើលឡើយ នៅពេលជនបរទេសប្រមូលផ្ដុំគ្នារស់នៅទីនេះ គឺដោយសារនៅជិតមន្ត្រីទូតរបស់ពួកគេ ខណៈតម្លៃខុនដូនៅតំបន់នេះមានចន្លោះពី ៣៧ ០០០ បាត (១ ១០០ ដុល្លារ) ដល់ ៣៨២ ០០០ បាត (១១ ៤៦៥ ដុល្លារ) ក្នុងមួយខែ។
3/ Thonglor
ដោយឡែកនៅ តំបន់មួយនេះវិញ គឺកំពុងត្រូវបានគេចាត់ទុកជាតំបន់ពេញនិយមរស់នៅបំផុតមួយនៅទីក្រុងបាងកក រហូតដល់ថ្នាក់គេប្រដូច Thonglor ទៅនឹងតំបន់ Soho នៃទីក្រុងឡុងដ៍ និង Beverly Hills នៃទីក្រុង Los Angeles ថែមទៀត។
មូលហេតុគឺងាយៗ ដោយសារនៅតំបន់នេះគឺប្រមូលផ្ដុំទៅដោយតារាល្បីៗ បុគ្គលមានឥទ្ធិពល និងសណ្ឋាគារផ្កាយ ៥ ជាច្រើនកន្លែង ដូច្នេះហើយតម្លៃឈ្នួលនៃខុនដូក៏ច្បាស់ជាមិនថោកដូចគ្នា ពោលគឺមានចាប់ពី ៤៥ ០០០ បាត (១ ៣៥០ ដុល្លារ) ដល់ ២៥០ ០០០ បាត (៧ ៥០០ ដុល្លារ) ក្នុងមួយខែ។
4/ Khlong San
តំបន់មួយនេះ នាថ្ងៃអនាគតនឹងប្រមូលផ្ដុំទៅដោយអគារខ្ពស់ៗ ដ្បិតបច្ចុប្បន្ននៅទីនេះ សំណង់អគារខ្ពស់ៗជាច្រើនគម្រោងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ។ Khlong San គឺជាសង្កាត់ចំណាស់បំផុតមួយនៅបាងកក និងជាឋានសួគ៌សម្រាប់អ្នកចូលចិត្ត Shopping ព្រោះ ផ្សារទំនើបៗជាច្រើនដូចជា ICONSIAM គឺមានទីតាំងនៅទីនេះ។
តម្លៃខុនដូនៅតំបន់កំពុងអភិវឌ្ឍន៍មួយនេះគឺមានចាប់ពី ២៨ ០០០ បាត (៨៤០ ដុល្លារ) ដល់ ២៥០ ០០០ បាត (៧ ៥០០ ដុល្លារ) ក្នុងមួយខែ។
5/ Sukhumvit
ជាចុងក្រោយ គឺតំបន់ Sukhumvit ដែលជាទីប្រជុំជនប្រមូលផ្ដុំដោយកន្លែងទិញទំនិញទំនើបៗ និងជាផ្លូវវែងបំផុតនៅទីក្រុងបាងកក។ នៅតំបន់មួយនេះ គឺសំបូរដោយភោជនីយដ្ឋានល្បីៗឈ្មោះ និងអគារខុនដូថ្លៃៗកប់ពពករាប់លានបាតក៏មាន។
តម្លៃឈ្នួលនៃខុនដូនៅទីនេះ គឺមានចន្លោះចាប់ពី ២០ ០០០ បាត (៦០០ ដុល្លារ) ដល់ ៤០០ ០០០ បាត (១២ ០០០ ដុល្លារ) ក្នុងមួយខែ៕
ប្រភព: thebangkokrealty