ក្រុមហ៊ុនសេវាកម្មអ៊ីនធ័រនែតអាមេរិក Yahoo បានប្រកាសនៅថ្ងៃអង្គារថា ខ្លួននឹងចាក់ចេញពីប្រទេសចិន។ តាមរយៈសេចក្តីប្រកាសព័ត៌មាន Yahoo ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបង្អស់របស់អាមេរិក ដែលដកខ្លួនចេញពីប្រទេសនៅក្នុងតំបន់អាស៊ីមួយនេះ ។
អ្នកនាំពាក្យរបស់ Yahoo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “ទទួលស្គាល់ថា នៅក្នុងអាជីវកម្មមានការប្រកួតប្រជែងកាន់តែខ្លាំង ហើយចំណែកឯបរិយាកាសផ្លូវច្បាប់វិញគឺរឹតតែតឹងរ៉ឹង ហើយក្រុមហ៊ុនយើង នឹងមិនផ្តល់ជូនសេវាកម្មដល់ប្រទេសចិនទៀតនោះឡើយ ដោយគិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកាទៅ”។
បើតាមអ្នកនាំពាក្យរូបនេះ ក្រុមហ៊ុន Yahoo នៅតែបេ្តជ្ញាចិត្ត រក្សាចំពោះសិទ្ធិរបស់អ្នកប្រើប្រាស់របស់ខ្លួន រួមទាំងការផ្តល់ជូនសេវាអ៊ីធើណិតដោយសេរី និងបើកចំហរជានិច្ច។ Yahoo ក៏បានប្រកាសអរគុណដល់អ្នកប្រើប្រាស់ សម្រាប់ការគាំទ្ររបស់ពួកគេរហូតមកនេះ ។
គួររម្លឹកថា Yahoo គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកចុងក្រោយគេ ដែលបានប្រកាសចាកចេញពីប្រទេសចិន បន្ទាប់ពីពួកគេបានចូលរួមជាមួយ បណ្តាញទំនាក់ទំនងសង្គម LinkedIn របស់ក្រុមហ៊ុន Microsoft (MSFT) ដែលបានប្រកាសកាលពីខែតុលាកន្លងទៅថា ខ្លួននឹងចាកចេញ ដោយសារតែ “បរិយាកាសប្រតិបត្តិការកាន់តែមានការប្រកួតប្រជែងខ្លាំង និងតម្រូវការអនុលោមភាពកាន់តែមានច្រើននៅក្នុងប្រទេសចិន” ។ កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនខ្នាតយក្ស Google ក៏បានបញ្ចប់សេវាកម្មរបស់ខ្លួន នៅទីនេះផងដែរ ។
សូមបញ្ជាក់ថាបច្ចុប្បន្ន ក្រុមហ៊ុនចិនបានបង្កើតសេវាកម្មឌីជីថលផ្ទាល់ខ្លួន ផ្សេងៗជាច្រើន ដូចជាគេហទំព័រ Baidu ដែលអាចប្រើជំនួស Yahoo និង Google បានទាំងស្រុងនៅក្នុងប្រទេសចិន។ ហើយជាមួយគ្នានោះ WeChat និង Weibo ឥឡូវនេះបានក្លាយជាបណ្តាញទំនាក់ទំនងសង្គមដ៏ឈានមុខគេនៅក្នុងប្រទេសផងដែរ ៕
ប្រភព: CNN