ព្រឹត្តិការណ៍កីឡាចម្រុះលំដាប់ថ្នាក់ពិភពលោក Winter Olympics នឹងចាប់ផ្ដើមធ្វើឡើងនៅកំឡុងខែ កុម្ភៈ ឆ្នាំ ២០២២ ដែលព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិមួយនេះ តែងប្រារព្ធធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្ដង ខណៈលើកនេះគឺប្រទេសចិនជាម្ចាស់ផ្ទះ។

យ៉ាងណា សល់តែ ៣ ខែទៀតដល់ថ្ងៃបើកឆាកព្រឹត្តិការណ៍សំខាន់ ចិនកំពុងមានបញ្ហាដោយសារអត្រាឆ្លងនៃជំងឺកូវីដ ១៩ កំពុងមានការសាយភាយខ្លាំងនៅពាសពេញផ្ទៃប្រទេស រហូតត្រូវបានចាត់ទុកថា ការឆ្លងលើកនេះ គឺជាការឆ្លងរាតត្បាតខ្លាំងបំផុត តាំងពីផ្ទុះលើកដំបូងនៅទីក្រុង Wuhan ឆ្នាំ ២០១៩។
បើតាមការឲ្យដឹងពីសារព័ត៌មាន Bloomberg គឺបច្ចុប្បន្ន ករណីឆ្លងកូវីដ ១៩ ប្រភេទ Delta គឺមានការកើនឡើងច្រើនជាង ៦០០ ករណី និងត្រូវបានរកឃើញនៅក្នុងខេត្ត ១៩ ក្នុងចំណោមខេត្តទាំង ៣១នៃប្រទេសចិន។

ក្នុងនោះផងដែរ រដ្ឋាភិបាលបានចេញមុខអះអាងថា នឹងនៅតែបន្តអនុវត្តវិធានការលុបបំបាត់កូវីដ ១៩ ឲ្យអស់ ខណៈចំពោះបញ្ហាឆ្លងថ្មីនេះគឺពួកគេរំពឹងថានឹងអាចគ្រប់គ្រងស្ថានការណ៍បានក្នុងអំឡុងពេល ១ ខែ។
ជាក់ស្ដែង បើមើលតាមស្ថិតិកន្លងមក គឺប្រទេសចិនពិតជាធ្វើបានល្អក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ ១៩ បើទោះជាពួកគេជាប្រទេសដែលមានការឆ្លងដំបូងបំផុតក្នុងលោកក្ដី ហើយព្រឹត្តិការណ៍សំខាន់បំផុតលំដាប់អន្តរជាតិដែលមានពួកគេជាម្ចាស់ផ្ទះផងនោះ ច្បាស់ណាស់រដ្ឋាភិបាលចិន នឹងមិនអោបដៃឈរមើលស្ថានការណ៍កាន់តែអាក្រក់បានឡើយ។

តួយ៉ាងកាលពីពេលកន្លងទៅ សួនកម្សាន្ត DisneyLand នៅទីក្រុងសៀងហៃបានបិទទ្វារទាំងមានភ្ញៀវនៅក្នុងនោះប្រមាណជិត ៤ ម៉ឺននាក់ ក្រោយរកឃើញស្ត្រីម្នាក់មានសញ្ញាវិជ្ជមានកូវីដ ១៩ ហើយជាលទ្ធផលមនុស្សប្រមាណ ៣៨ ០០០ នាក់ត្រូវបានពិនិត្យ និងធ្វើសំណាក ខណៈលទ្ធផលនៃការតេស្តមិនបានបញ្ចេញឡើយ។

នេះគឺសបញ្ជាក់ថា អាជ្ញាធរចិនមានវិធានការលឿនៗសម្រាប់ការទប់ស្កាត់ការឆ្លងកូវីដ ១៩ បានយ៉ាងល្អ៕
ប្រភព: Dailymail