កាលពីខែមុន ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo បានដកលុយប្រមាណ ១០ ពាន់លានយ័ន ឬ ១,៥៦ ពាន់លានដុល្លារអាមេរិកពីផ្សារហ៊ុនសៀងហៃទាំងអស់។ នេះបើតាមការអះអាងពីប្រធានក្រុមហ៊ុន Yang Yuanqing និយាយកាលពីថ្ងៃទី ០៤ វិច្ឆិកា។

ដោយឡែក បើទោះជាដកខ្លួនចេញពីផ្សារហ៊ុនសៀងហៃក៏ពិតមែន តែក្រុមហ៊ុនយក្ស Lenovo មិនបានប្រកាសចាកចេញពីផ្សារហ៊ុនហុងកុងឡើយ។

“បើទោះជាគ្មានឈ្មោះនៅផ្សារហ៊ុនសៀងហៃ ក៏វាមិនផ្លាស់ប្ដូរមុខជំនួញរបស់ Lenovo ដែរ ព្រោះពួកយើងមានមូលដ្ឋានពាណិជ្ជកម្មច្បាស់លាស់”។ នេះបើតាមការលើកឡើងពីលោក Yang។
“ពួកយើងនឹងបន្តធ្វើការវាយតម្លៃស្វែងរកឱកាសពិសេសៗ ដើម្បីទ្រទ្រង់ការផ្លាស់ប្ដូរមុខជំនួញ និងជាយុទ្ធសាស្ត្រទីផ្សារហិរញ្ញវត្ថុ រយៈពេលវែងដ៏ទូលំទូលាយរបស់ពួកយើង”។
បញ្ជាក់ដែរថា បច្ចុប្បន្នមូលធនទីផ្សារសរុបរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតលើលោកមួយនេះ គឺមានប្រមាណ ១២,៨៤ ពាន់លានដុល្លារអាមេរិក ខណៈតម្លៃភាគហ៊ុនក្រុមហ៊ុននេះនៅលើផ្សារហ៊ុនហុងកុងគឺ ៨,៣០ ដុល្លារហុងកុង ឬ ១,០៧ ដុល្លារអាមេរិក៕
ប្រភព: CNA