កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត VinFast របស់ប្រទេសវៀតណាមបានប្រកាសពីគម្រោងបោះទុនជាទឹកប្រាក់ប្រមាណ ២០០ លានដុល្លារជាដើមទុនវិនិយោគសម្រាប់ទីផ្សារអន្តរជាតិ។

ជំហានដំបូងដែលក្រុមហ៊ុនវៀតណាមចង់នាំយានយន្តរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិគឺ សហរដ្ឋអាមេរិក ដោយមានបំណងចង់បង្កើតសាខានៅទីក្រុង California ផ្ទាល់តែម្ដង ដែលនេះក៏ជាផ្នែកមួយនៃគម្រោងពង្រីកវិសាលភាពផលិតសម្រាប់ទូទាំងទ្វីបអាមេរិកខាងជើងផងដែរ។

ក្រុមហ៊ុន VinFast គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំបំផុតមួយប្រចាំប្រទេសវៀតណាម គឺសម្ព័ន្ធក្រុមហ៊ុន Vingroup ដែលបានក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលអាចផលិតរថយន្តក្នុងស្រុកដំណើរការដោយប្រេងឥន្ធនៈនៅឆ្នាំ ២០១៩។
ក្រុមហ៊ុនខាងលើមានបំណងចង់ដាក់បង្ហាញរថយន្តអគ្គិសនីដំបូងនៅក្នុងសហរដ្ឋអាមេរិកតែម្ដង ដោយវាជារថយន្តប្រភេទ SUV ហើយមិនតែប៉ុណ្ណោះ ពួកគេថែមទាំងមានបំណងសម្ពោធទីតាំង Showrooms ៦០ កន្លែងផ្សេងៗគ្នានៅទូទាំងប្រទេសថែមទៀត៕
ប្រភព: Kelo