កាលពីព្រឹកថ្ងៃសុក្រ រដ្ឋាភិបាលប្រទេសជប៉ុនបានជំនុំគ្នា និងសម្រេចមតិជាឯកច្ឆន្ទមួយ គឺយល់ព្រមផ្ដល់ប្រាក់សុទ្ធប្រមាណ ១០ ម៉ឺនយ៉េន ឬ ៨៨០ ដុល្លារអាមេរិកទៅកាន់គ្រប់ក្មេងៗទាំងអស់ទូទាំងប្រទេស ដើម្បីជាការជំរុញសេដ្ឋកិច្ច និងលើកទឹកចិត្តកុំឲ្យមានការភ័យខ្លាចក្នុងសម័យវិបត្តិកូវីដ ១៩នេះ។
សម្រាប់ការចំណាយទាំងអស់នេះ គឺនឹងផ្ដល់ឲ្យគ្រប់អនីតិជនទាំងអស់ដែលមានវ័យរហូតដល់ ១៨ ឆ្នាំគ្រប់ៗគ្នា ដោយមិនគិតពីឋានៈគ្រួសារ ឬចំណូលប្រចាំឆ្នាំរបស់គ្រួសារឡើយ ជាមួយនឹងកញ្ចប់ថវិកាប្រមាណ ២ ទ្រីលានយ៉េន ឬជិត ១៨ ពាន់លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី Fumio Kishida បានសន្យាថា នឹងជំរុញឲ្យមានការជួយជាកញ្ចប់ថវិកាជំនួយទ្រង់ទ្រាយធំនៅក្នុងខែនេះ ខណៈបច្ចុប្បន្នឯកសារពាក់ព័ន្ធកំពុងស្ថិតក្នុងដំណាក់កាលសុំការអនុញ្ញាតពីសភាសម្រាប់ការចំណាយបន្ថែមនៅឆ្នាំនេះជាមុនសិន។
លោកក៏បានបញ្ជាក់ទៀតដែរថា មូលហេតុចំបងសម្រាប់ការចំណាយខាងលើគឺ ជាមូលនិធិផ្ដោតសំខាន់ទៅលើការស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញពីបញ្ហាកន្លងមក ដែលរួមបញ្ចូលទាំងវិស័យទេសចរណ៍ក្នុងស្រុកផងដែរ៕
ប្រភព: Kelo