លម្អិតបទពិសោធន៍ការងាររដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចុងសប្តាហ៍នេះ

អន្តរជាតិ

ដំណើរទស្សនកិច្ចផ្លូវការចំនួនពីរថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៨ វិច្ឆិកា របស់លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក។

បើតាមក្រសួងការបរទេសកម្ពុជា ការមកបំពេញទស្សនកិច្ចរយ:ពេល ២ ថ្ងៃនៅកម្ពុជានេះ​ លោកស្រី Marise Payne នឹងចូលជួបសម្តែងការគួរសម​ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងជំនួបទ្វេភាគី ជាមួយរដ្ឋមន្រី្តការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា នៅក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងជាកង្វល់រួម ព្រមទាំងការធ្វើជាប្រធានសមាគមអាស៊ាន នៅឆ្នាំ ២០២២ របស់កម្ពុជាផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីនេះ លោកស្រីក៏នឹងនៅទស្សនាអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ ដែលនឹងទទួលបានការស្វាគមន៍ ដោយលោកស្រី អ៊ឹង កន្ថាផាវី ដែលជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជា។ ​

គួររម្លឹកជូនថា កម្ពុជា និងអូស្ត្រាលី កន្លងមកបានធ្វើការ​ប្តេជ្ញា​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិ្តការគ្រប់វិស័យ​​ពាក់ព័ន្ធជាមួយគ្នា។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអូស្ត្រាលី បានគាំទ្រតាមរយៈការផ្តល់ជំនួយប្រមាណ ៦៦ លានដុល្លារអូស្រ្តាលី សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការនៅឆ្នាំ ២០២១ ដើម្បីគាំទ្រដល់កម្មវិធីរបស់ខ្លួនដែលផ្តោតលើសន្តិសុខ សុខភាព ភាពធន់នៃសេដ្ឋកិច្ច កសិកម្ម និងអប់រំ។

បន្ថែមលើនេះ អូស្រ្តាលីបង្កើតគម្រោង“ ភាពធន់នៃអភិវឌ្ឍន៍សេដ្ឋកិច្ច” ទ្វេភាគីថ្មី ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុប្រហែល ៩០ លានដុល្លារអូស្រ្តាលី សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដោយចាប់ផ្តើមពីឆ្នាំ ២០២២ ដោយបន្ថែមរយៈពេល ៣ ឆ្នាំបន្ថែមទៀត។ គម្រោងនេះនឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន ៤៖ ១) ពាណិជ្ជកម្មនិងវិនិយោគ ២) វិស័យកសិកម្ម និងកែច្នៃកសិផល ៣) ហេដ្ឋារចនាសម្ព័ន្ធនិង ៤) យេនឌ័រ និងសង្គម។

យ៉ាងណាត្រឡប់មកជុំវិញវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ដ៏មានទេពកោលស្យដែលនឹងមកដល់លើទឹកកម្ពុជាវិញម្តង ឧកញ៉ាញូស៍ សូមលាតត្រដាងនូវប្រវត្តិនិងបទពិសោធន៍ការងាររបស់លោកស្រី Marise Payne។

កើតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៦៤ លោកស្រី Marise Payne ជាអ្នកនយោបាយអូស្ត្រាលីដ៏ល្បីល្បាញម្នាក់ ដែលបានចូលបម្រើការងារជារដ្ឋមន្រ្តីក្រសួងការបរទេស តាំងពីឆ្នាំ ២០១៨ ខណៈនៅឆ្នាំ ២០១៩ លោកស្រីក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីកិច្ចការនារីអូស្រ្តាលី។

លោកស្រី Marise បានធំធាត់ឡើងនៅ Bardwell Park ស្ថិតនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងស៊ីដនី។ អ្នកនាងជាកូនរបស់លោកស្រី Ann Noreen (nee Johns) និងលោក William Elliott Payne ដែលឪពុកជាអតីតយុទ្ធជនក្នុងសង្គ្រាមលោកលើកទី ២ និងធ្លាប់ធ្វើការជាគណនេយ្យករ និងកសិករ។

សម្រាប់ការសិក្សាវិញ លោកស្រី Payne បានចូលរៀននៅសាលា MLC មុនពេលបន្តទៅសាកលវិទ្យាល័យ New South Wales ដែលជាកន្លែងលោកស្រីបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្ប: និងបរិញ្ញាបត្រផ្នែកច្បាប់ ។

នៅក្នុងដំណើរជីវិតរបស់លោកស្រី បានឆ្លងកាត់នូវបទពិសោធន៍ការងារជាច្រើន មុនពេលក្លាយខ្លួនជាស្រ្តីដែលមានឥទ្ធពលបំផុតម្នាក់ នៅក្នុងជួររដ្ឋាភិបាលលោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី។

នៅក្នុងឆ្នាំ ១៩៨២ លោកស្រី Payne បានចូលរួមជាមួយគណបក្សសេរី និងធ្វើជាប្រធានរដ្ឋ New South Wales Young Liberals ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៨៨ ។ បន្ទាប់មកលោកស្រីក៏បានបម្រើការជាប្រធានសហព័ន្ធ Young Liberals ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩១ ផងដែរ ។

លោកស្រី Payne ធ្លាប់ជាបេក្ខភាពដែលបរាជ័យក្នុងការចូលទៅជំនួសតំណែង របស់លោក Peter Baume ក្រោយពីគាត់បានលាលែងចេញពីសមាជិកព្រឹទ្ធសភា នៅក្នុងឆ្នាំ ១៩៩១ ខណ:នៅពេលនោះ លោកស្រីកំពុងកាន់ការងារជាលេខាឯកជនរបស់សមាជិកព្រឹទ្ធសភា លោក Robert Hill ។

ប៉ុន្តែក្រោយមក លោកស្រី ត្រូវបានគណបក្សសេរីនិយម ជ្រើសរើសឲ្យចូលមកបម្រើការបណ្តោះអាសន្ន នៅឆ្នាំ ១៩៩៧ និងទទួលបានតំណែងជាផ្លូវការនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ១៩៩៧ ខណៈដែលលោកស្រីបានជាប់ឆ្នោតម្តងទៀត ជាព្រឹទ្ធសភានៅក្នុងការបោះឆ្នោត នាឆ្នាំ ២០០១ , ២០០៧ , និង ២០១៦ ។

យ៉ាងណាលោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីរូបនេះ ត្រូវបានតែងតាំងជាលេខាធិការស្រមោលសភា បន្ទាប់ពីបក្សសម្ព័ន្ធបានចាញ់ការបោះឆ្នោត នៅឆ្នាំ ២០០៧ ជាមួយនឹងការទទួលខុសត្រូវលើការងារថ្មី សម្រាប់តួនាទីកិច្ចការបរទេស (២០០៧-២០០៨) និងជាជំនួយការអភិឌ្ឍន៍អន្តរជាតិ និងកិច្ចការជនជាតិដើម (២០០៨-២០០៩) ។

រហូតដល់ការបោះឆ្នោតសហព័ន្ធនៅឆ្នាំ ២០១៣ លោកស្រី Payne ត្រូវបានតែងតាំងជារដ្ឋមន្រ្តី សម្រាប់ផ្នែកសេវាកម្មមនុស្សជាតិ នៅក្នុងជួររដ្ឋាភិបាល Abbott ។ ហើយនៅខែមិថុនាឆ្នាំ ២០១៤ លោកស្រីបានប្រកាសបង្កើតគម្រោងកម្មវីធីផ្សារលក់ទំនិញរបស់រដ្ឋាភិបាលមួយ ដែលមានឈ្មោះថា “myGov Hybrid” ដែលធ្វើឡើងដើម្បីជួយដល់អតិថិជន ក្នុងការរៀបចំគណនីអនឡាញ សម្រាប់ប្រើប្រាស់សេវាកម្មរបស់រដ្ឋាភិបាលដូចជា Centrelink, Medicare , ការិយាល័យពន្ធដារអូស្ត្រាលី និងគម្រោងធានារ៉ាប់រងពិការភាពជាតិជាដើម។

មិនតែប៉ុណ្ណោះ អ្វីដែលជាស្នាដៃធំមួយផ្សេងទៀត នៅឆ្នាំ ២០១៦ លោកស្រីបានប្រកាសថា ក្រុមហ៊ុនរបស់ប្រទេសបារាំង DCNS ដែលបច្ចុប្បន្នហៅថា Naval Group គឺបានផ្តល់ជូនកិច្ចសន្យាតម្លៃ ៥០ ពាន់លានដុល្លារ ដើម្បីសាងសង់នាវាមុជទឹកថ្មី សម្រាប់ កងទ័ពជើងទឹក Royal Australian Navy របស់អូស្ត្រាលី ។

ជាចុងក្រោយ បន្ទាប់ពីការបោះឆ្នោតឡើងវិញ របស់រដ្ឋាភិបាល នៅឆ្នាំ ២០១៩ លោកស្រី Payne ក៏ត្រូវបានតែងតាំងជារដ្ឋមន្រ្តីកិច្ចការនារីផងដែរ បន្ទាប់ពីកាន់ការងារជារដ្ឋមន្ត្រីការបរទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ៕