មក​ស្គាល់​រូបរាង​ប៊ិច​សេដ្ឋីៗ​ចូលចិត្ត​ប្រើ​បំផុត​​ ខ្លះ​ថ្លៃ​ដល់​ខ្ទង់​លាន​ដុល្លារ

អន្តរជាតិ

ប៊ិច​គឺ​ជា​ឧបករណ៍​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​ជា​ប្រចាំថ្ងៃ បើ​ទោះជា​សម័យកាល​ជឿនលឿន​កម្រិត​ណា​ក៏​វា​នៅ​តែ​ជា​វត្ថុ​មិន​អាច​ខ្វះ​បាន ជា​ពិសេស​សម្រាប់​អ្នកជំនួញ​មាន​មុខមាត់ និង​បុគ្គល​មាន​សក្តិយស​ជាដើម។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​អាច​ប្រើប្រាស់​សម្រាប់​សរសេរ ឬ​ស៊ីញ៉េ​កុងត្រា​ផ្សេងៗ ប៊ិច​ក៏​អាច​យក​មក​ធ្វើ​ជា​វត្ថុ​លំអ​នៅ​តាម​អាវធំ ដែល​អាច​ធ្វើ​ឲ្យ​អ្នកដទៃ​មើល​មក​ឃើញ​ពី​ភាព​ថ្លៃថ្នូរ និង​សក្ដិសម​ជា​សុភាព​បុរស​តែម្ដង។

ជាការពិត សម្រាប់​បុគ្គល​ល្បីៗ ឬ​អ្នកជំនួញ​មាន​មុខមាត់ ពួកគេ​មិនអាច​ប្រើប្រាស់​ប៊ិច​ធម្មតាៗ​ឡើយ ពោល​ប៊ិច​ដែល​ពួកគេ​ប្រើប្រាស់​ភាគច្រើន​គឺ​ជា​ការ​កុម្ម៉ង់​ដោយ​ផ្ទាល់ ឬ​ក៏​ជា​ប៊ិច​មាន​តម្លៃ​ថ្លៃៗ​ផ្សេងៗ។ ខាងក្រោម​នេះ​គឺ​ជា​ប៊ិច ៦ ប្រភេទ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក៖

6/ Visconti HRH Limited Edition Ripple Fountain Pen (៥៧ ០០០ ដុល្លារ)

ក្រុមហ៊ុន Visconti មិន​ដែល​ផលិត​ផលិតផល​របស់​ពួកគេ​ក្នុង​ចំនួន​ច្រើន​ឡើយ ដោយសារ​រាល់​ផលិតផល​របស់​ពួកគេ​នីមួយៗ គឺ​ធ្វើឡើង​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត និង​សុទ្ធតែ​ធ្វើឡើង​ដោយ​ដៃ​ផ្ទាល់។

ក្នុង​ចំណោម​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន​អ៊ីតាលី Visconti HRH Limited Edition Ripple Fountain Pen គឺ​ជា​ប៊ិច​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​នៅ​លើ​លោក ដោយ​ក្នុង​មួយ​ដើម​គឺ​មាន​តម្លៃ​ប្រមាណ ៥៧ ០០០ ដុល្លារ។

5/ Caran D’Ache Gothica Pen (៤០៦ ៤៥៣ ដុល្លារ)

ក្រុមហ៊ុន Caran d’Ache គឺ​បាន​យក​ឈ្មោះ​តាម​ភាសា​រុស្ស៊ី​ Karandash ដែល​មាន​អត្ថន័យ​ប្រែថា ប៊ិច ហើយ​ក្រុមហ៊ុន​ស្វីស​មួយ​នេះ គឺ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​តាម​រយៈ​ការ​ផលិត​ប៊ិច​ប្រណិត​មាន​គុណភាព​ល្អៗ។

ប៊ិច​ប្រភេទ Gothica របស់​ Caran d’Ache គឺ​ជាប់​ឈ្មោះ​ជា​ប៊ិច​ប្រណីត​បំផុត​មួយ​លើ​លោក ដោយ​វា​បាន​រចនា​មក​ជាមួយ​ត្បូង​មរកត ៧២ គ្រាប់ ត្បូងទទឹម ៧២ គ្រាប់ និង​ពេជ្រ​ប្រហែល ៩០០ គ្រាប់​លំអ​លើ​គម្រប និង​ផ្នែក​ខ្លះ​នៃ​ប៊ិច។

4/ Mont Blanc International GmbH Limited Edition Mystery Masterpiece (៧៣០ ០០០ ដុល្លារ)

ក្រុមហ៊ុន​យក្ស Montblanc របស់​ប្រទេស​អាល្លឺម៉ង់ គឺ​ត្រូវបាន​គេ​ស្គាល់​ថា​អ្នក​ផលិត និង​ចែកចាយ​វត្ថុ​ប្រើប្រាស់​ប្រណិតៗ រួម​មាន​ទាំង​ទំនិញ​ប្រភេទ​ស្បែក នាឡិកា គ្រឿងអលង្ការ និង​សូម្បី​តែ​ទឹកអប់។

កាលពី​ឆ្នាំ ២០០៦ Montblanc បាន​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ Van Cleef and Arpels និង​បាន​បង្កើត​វត្ថុ​ប្រណីតៗ​ជាច្រើន​ ហើយប៊ិច Mont Blanc International GmbH Limited Edition Mystery Masterpiec ដែល​មាន​តម្លៃ ៧៣០ ០០០ ដុល្លារ​នោះ​ផង​ដែរ គឺ​ជា​វត្ថុ​ប្រណីត​មួយ​បំផុត​លើ​លោក។

3/ Heaven Gold Pen (១ លាន​ដុល្លារ)

ប៊ិច​មួយ​ដើម​នេះ​គឺ​ត្រូវ​បាន​រចនា និង​ដាក់​ឈ្មោះ​ឲ្យ​ដោយ​អ្នក​រចនា​គ្រឿងអលង្ការ​ជនជាតិ​កាណាដា Anita Tan ហើយ​តម្លៃ​របស់​វា​នា​ពេល​បច្ចុប្បន្ន​គឺ ១ លាន​ដុល្លារ។ ដូច​ទៅ​នឹង​ឈ្មោះ Heaven Gold Pen វា​រចនា​ឡើង​ដោយ​មាស​នៅ​ផ្នែក​ខាងក្នុង ខណៈ​ត្បូង​ដែល​ប្រើ​លំអ​ប៊ិច​នេះ គឺ​ពេជ្រ និង​ត្បូង​ហ្គ្រីន​ហ្កានីត (Tsavorite) សរុប​ប្រមាណ ១ ៨៨៨ គ្រាប់។

3/ Caran D’Ache 1010 Diamonds Limited Edition Fountain Pen

ប៊ិច​មួយ​ដើម​នេះ គឺជា​ផលិតផល​របស់​ក្រុមហ៊ុន Caran D’Ache មួយ​ទៀត ដែល​លើក​នេះ​វា​មាន​តម្លៃ​ទ្វេដង​ជាមួយ​នឹង​ប៊ិច​ប្រភេទ Gothica។ ប៊ិច​ 1010 Diamond Fountain គឺ​ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​តម្លៃ​ថា ស្ថិត​នៅ​ខ្ទង់​ ១ លាន​ដុល្លារ ដោយសារ​រចនាបថ​ដ៏​ប្រណីត​របស់​វា។

មិនសូវ​ខុស​ពី​ឈ្មោះ ប៊ិច​មួយ​ដើម​នេះ​មាន​ការ​លំអ​ដោយ​ពេជ្រ​ប្រមាណ ៨៥០ គ្រាប់ ខណៈ​មូលហេតុ​ដែល​ឈ្មោះ​ប៊ិច​គឺ 1010 ក៏​ដោយសារ​ពេល​បញ្ចប់​ការ​ផលិត​ប៊ិចនេះ ទ្រនិច​នាឡិកា​បាន​ចង្អុរ​ចំ​ម៉ោង ១០ និង​១០ នាទី​អធ្រាត្រ​តែម្ដង។

1/ Aurora Diamante (១,៤៧ លាន​ដុល្លារ)

ប៊ិច​ថ្លៃ​បំផុត​លើ​លោក គឺ​ Aurora Diamante ដែល​មាន​តម្លៃ​ជិត ១,៥ លាន​ដុល្លារ ខណៈ​ដែល​អ្នក​បង្កើត​វា​គឺ​ជា​ក្រុមហ៊ុន​អ៊ីតាលី​ល្បី​ឈ្មោះ Aurora Pen ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩១៩។

មូលហេតុ​ដែល​ប៊ិច​នេះ​មាន​តម្លៃ​កប់ពពក ស្ទើរ​ទិញបាន​រថយន្ត​ប្រណីត Bugatti Veyron មួយ​គ្រឿង គឺ​ដោយសារ​វា​មាន​ការ​លំអជាមួយ​ពេជ្រ​ប្រមាណ ២ ០០០ គ្រាប់​នៅ​លើ​តួ​នៃ​ប៊ិច៕

ប្រភព: Therichest