ចូលទៅហាងអាហារថ្លៃមួយ​ពេល​ រដ្ឋមន្រ្តី​វៀតណា​ម​រង​ការ​ខឹង​សម្បាពីពលរដ្ឋ​ទូទាំំងប្រទេស​

អន្តរជាតិ

កាលពី​ពេល​កន្លង​ទៅ វីដេអូ​រដ្ឋមន្ត្រី​មួយរូប​ប្រចាំ​ប្រទេស​វៀតណាម​កំពុង​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ល្បីឈ្មោះ​មួយ​កន្លែង ដែល​ភាគច្រើន​គ្រប់គ្នា​ស្គាល់​ថា​ជា​ ហាង​របស់​ចុងភៅ​ល្បី​ឈ្មោះ Salt Bae។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក To Lam ដែល​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ទទួល​ទាន​អាហារ​យ៉ាង​ឆ្ងាញ់​ពិសារ ខណៈ​វីដេអូនោះ​គឺ​ត្រូវបាន​បង្ហោះ​ទៅ​លើ​បណ្ដាញសង្គម​ដោយ​ហាង​ផ្ទាល់ តែ​ក៏​ត្រូវបាន​លុបវិញ​ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន។

យ៉ាងណា ទោះ​ព្យាយាម​លុបបែបណា ក៏​វីដេអូ​មួយនោះ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម Facebook និង TikTok របស់​វៀតណាម​យ៉ាងទូលំទូលាយ​ទៅ​ហើយ​កាលពី​ថ្ងៃទី ០៥ ​វិច្ឆិកា​កន្លង​ទៅ។

វីដេអូ​មួយ​នោះ​ផងដែរ បានធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ធំ​មានការ​ខឹងសម្បារ និង​បង្ហាញ​ការ​មិន​ពេញចិត្ត​ជាមួយ​រដ្ឋមន្ត្រី​រូបនេះ ដែល​កំពុង​សប្បាយ​ជាមួយ​ជីវិត​ស៊ីវិល័យ​ដោយ​ទទួលទាន​អាហារ​ថ្លៃៗ​នៅ​ភោជនីយដ្ឋាន​ល្បីៗឈ្មោះ ខណៈ​ប្រជាជន​របស់​ខ្លួន​មាន​ចំណូល​ទាប​សឹង​មិន​ស្មើ​ការ​ហូបចុក​របស់​មន្ត្រី​រូប​នេះ​ម្ដង។

“ខណៈពេល​គ្រប់គ្នា​កំពុងជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​កូវីដ ១៩ តែ​រដ្ឋមន្ត្រី​មួយ​ចំនួន​បែរជា​កំពុង​សប្បាយ​ជាមួយ​នឹង​ការ​ចាយវាយ​ហ៊ឺ​ហារ​ទៅ​វិញ”។ នេះ​បើ​តាម​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ម្នាក់។

បើ​តាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​ប្រចាំ​ប្រទេស​គឺ ជា​មធ្យម​ប្រជាជន​វៀតណាម​មាន​ចំណូល​ប្រចាំ​ខែ​ប្រមាណ ១៨៤$ នៅ​ក្នុង​ឆ្នាំ ២០២០ ខណៈ​បើគិត​មើលទៅ​វា​ស្មើ​នឹង​ម្ហូប​ប្រហែល​មួយ​ចាន​នៅ​អាហារដ្ឋាន​ល្បីៗ​នៅ​តំបន់អឺរ៉ុប។

បញ្ជាក់​ដែរ​ថា រឿង​រ៉ាវបែប​នេះ​មិនមែន​ទើប​កើតឡើង​លើ​មន្ត្រី​ធំៗ​ឡើយ ជាក់ស្ដែង​កាលពី ៣ ឆ្នាំ​មុន ប្រធានាធិបតី​វេណេស៊ុយអេឡា​ Nicolas Maduro ក៏​ទទួល​រង​ការ​រិះគន់​ខ្លាំង​ផងដែរ ពេល​លោក​កំពុង​ទទួលទាន​អាហារ​នៅ​ហាង​របស់ Salt Bae ដូចគ្នា ខណៈ​ពេល​នោះ​វេណេស៊ុយអេឡា​​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕

ប្រភព: CNA