កាលពីពេលថ្មីៗនេះ ហាងស៊ុបចិនល្បីឈ្មោះ Haidilao International របស់សេដ្ឋីសិង្ហបុរី បានប្រកាសពីគម្រោងបិទសាខាជាង ៣០០ កន្លែងនៅចុងឆ្នាំ ដើម្បីកាត់បន្ថយការងើបឡើងលឿនពេកនៃសេដ្ឋកិច្ចក្រុមហ៊ុនក្នុងសម័យកូវីដ ១៩។

ប្រកាសពីគម្រោងនេះមិនទាន់បានប៉ុន្មានផង តម្លៃភាគហ៊ុនរបស់ Haidilao មានការហក់ឡើងខ្ពស់មិនធ្លាប់មាន ពោលកើនឡើងដល់ទៅ ១១% បើធៀបទៅនឹងតម្លៃខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃទី ២៨ តុលាកន្លងទៅ។
លោក Zhang Yong គឺជាស្ថាបនិកហាងស៊ុបល្បីឈ្មោះ Haidilao ដែលមានរាប់រយសាខាទូទាំងសកលលោក និងជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសសិង្ហបុរី។
បើតាមការអះអាងពីក្រុមហ៊ុនមួយនេះ គម្រោងនៃការផ្អាកឬបិទសាខារាប់រយសាខាបែបនេះ គឺដោយសារបង្អាក់កំណើនការជួបជុំពីភ្ញៀវដើម្បីបន្ថយការឆ្លងកូវីដ ក៏ដូចជារៀបចំផែនការថ្មីៗសម្រាប់គម្រោងនាថ្ងៃអនាគតផងដែរ។

ហាងស៊ុបចិនល្បីឈ្មោះមួយនេះ គឺមានសាខាទូទាំងពិភពលោករហូតដល់ទៅ ប្រមាណ ១ ៦០០ កន្លែង ហើយសាខានីមួយៗគឺសុទ្ធតែបម្រើសេវាកម្មអតិថិជនបានល្អបំផុត ដែលនេះគឺជាយុទ្ធសាស្ត្រទីផ្សារមួយប្រចាំហាងដែលហាងផ្សេងៗមិនអាចធ្វើបាន ទើបអតិថិជន Haidilao ទាំងអស់សុខចិត្តតម្រង់ជួររាប់ម៉ោងដើម្បីញាំស៊ុបម្ដងៗ៕
ប្រភព: CNA