ក្រុមហ៊ុនយក្សជប៉ុន Toshiba គឺជាក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតមួយប្រចាំប្រទេស និងទូទាំងពិភពលោកផង ខណៈថ្មីៗនេះក្រុមហ៊ុនខ្នាតយក្សមួយនេះគឺបានប្រកាសពីយុទ្ធសាស្ត្រទីផ្សារថ្មី។
គ្រោងការណ៍ដែល Toshiba ប្រកាសកាលពីពេលកន្លងនោះ គឺពួកគេនឹងបំបែកខ្លួនជាក្រុមហ៊ុន ៣ ផ្សេងៗគ្នា ដែលក្រុមហ៊ុននីមួយៗនឹងផ្ដោតទៅលើផលិតផលសំខាន់ៗរៀងៗខ្លួន ហើយការបំបែកខ្លួននេះនឹងធ្វើឡើងដើមឆ្នាំ ២០២៣។
បើយោងតាមប្រភពសារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុន ៣ ដែល Toshiba មានគម្រោងចង់ផ្ដាច់ខ្លួនចេញ គឺនឹងងាកទៅផ្ដោតសំខាន់ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍អេឡិចត្រូនិក និងរោងចក្រផលិតបន្ទះឈីប។
យ៉ាងណា កាលពីខែមេសាកន្លងទៅ Toshiba ធ្លាប់បានអះអាងថា បានពិចារណាសំណើទិញក្រុមហ៊ុនពីខាងក្រុមហ៊ុននៅអង់គ្លេស CVC Capital Partners ដែលសំណើមួយនោះគឺត្រូវបានសន្មតថាអាចមានតម្លៃដល់ទៅ ២០ ពាន់លានដុល្លារ។
បញ្ជាក់ដែរថា បើតាមការអះអាងពីប្រភពសារព័ត៌មានដដែលគឺ ការសម្រេចចិត្តផ្ដាច់ក្រុមហ៊ុននេះ គឺអាចនឹងជាទីបញ្ចប់នៃស្ដេចត្រាញ់អេឡិចត្រូនិកជប៉ុន Toshiba ដែលធ្លាប់តែមានក្រុមហ៊ុនក្រោមឱវាទច្រើនវិស័យ តែយុទ្ធសាស្ត្រទីផ្សារផ្ដាច់ខ្លួនក្រុមហ៊ុននេះ គឺអាចធានាផ្ដល់នូវការផលិតផលិតផលដែលមានគុណភាពជាងមុន ដោយសារមានការយកចិត្តទុកដាក់ច្រើនជាងមុន៕
ប្រភព: CNA