ក្រុមហ៊ុន HSBC Holdings Plc គឺកំពុងជោគជ័យខ្លាំងនៅលើទីផ្សារប្រទេសចិនខ្លាំង ជាក់ស្ដែងគឺពួកគេទទួលបានការជួលបុគ្គលិក ច្រើនលើសពីការរំពឹងទុក ខណៈបច្ចុប្បន្នធនាគារមួយនេះកំពុងមានបំណងចង់សាកល្បងប្រឡូកចូលទីផ្សារឥណ្ឌាម្ដងទៀត។
គម្រោងការណ៍នេះផងដែរ គឺ HSBC រំពឹងថានឹងអាចពង្រីកទីផ្សារតំបន់អាស៊ីឲ្យបានកាន់តែខ្លាំង ខណៈពួកគេគ្រោងនឹងវិវត្តខ្លួនទៅជាសសរសេដ្ឋកិច្ចសំខាន់នៃការអភិវឌ្ឍន៍នៃតំបន់អាស៊ីផងដែរ។
ស្ថិតក្រោមការគ្រប់គ្រងរបស់ CEO លោក Noel Quinn ក្រុមហ៊ុន HSBC គឺកំពុងគ្រោងបោះទុន ៣,៥ ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគ និងអាជីវកម្មធនាគារ ក្នុងគោលបំណងចង់ក្លាយជាក្រុមហ៊ុនធនាគារធំបំផុតមួយនៅអាស៊ីត្រឹមឆ្នាំ ២០២៥។
“ពួកយើងគឺជាធនាគារអន្តរជាតិឈានមុខគេនៅចិន ដូច្នេះពួកយើងមានបំណងចង់ចាប់យកឱកាសមួយនេះដើម្បីពង្រីកវិសាលភាពនៃក្រុមហ៊ុនបន្ថែមទៀត”។ នេះបើតាមសម្ដីរបស់ប្រធានជាន់ខ្ពស់ម្នាក់ក្នុងចំណោមប្រធានជាន់ខ្ពស់ ៤ នាក់នៃក្រុមហ៊ុនគឺលោក Nuno Matos។
បញ្ជាក់ដែរថា តំបន់អាស៊ីគឺជាទីតាំងធំបំផុតសម្រាប់ក្រុមហ៊ុន HSBC និងធនាគារឯកជនផ្សេងៗ ដែលបានបណ្ដាក់ទុន ៤៤% ឬ ២២ ពាន់លានដុល្លារទៅកាន់ទីស្នាក់ការកណ្ដាលនៅទីក្រុងឡុងរបស់ HSBC កាលពីឆ្នាំទៅ។
បច្ចុប្បន្ន HSBC កំពុងសិក្សាលទ្ធភាពនៃការវាយលុកទីផ្សារប្រទេសឥណ្ឌា ខណៈកន្លងទៅកាលពីឆ្នាំ ២០១៥ ពួកគេធ្លាប់ប្រឡូកម្ដងដែរ តែលទ្ធផលមិនសូវទទួលបានផ្លែផ្កា ស្របពេលក្រៅពីមានបំណងចង់សាកល្បងចូលទីផ្សារឥណ្ឌាម្ដងទៀត HSBC ក៏នៅចង់ពង្រីកសាខាជាច្រើនកន្លែងដូចជានៅ សិង្ហបុរី ទីក្រុងឡុង និងប្រទេសនៅតំបន់មជ្ឈិមបូព៌ាជាដើម៕
ប្រភព: CNA