ក្រុមហ៊ុនផលិតយានយន្ត Nissan Motor Co បានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅទៅ ថាប្រតិបត្តិការប្រចាំឆ្នាំ គឺទទួលបានប្រាក់ចំណេញច្រើនជាងឆ្នាំទៅរហូតដល់ ២០% បើទោះជាគ្រឿងបង្គំយានយន្តហាក់មានការរាំងស្ទះក៏ពិតមែន។
ដូចទៅនឹងរោងចក្រផលិតយានយន្តធំៗឯទៀត Nissan គឺបានកាត់បន្ថយការផលិតច្រើន ដោយសារកង្វះខាតបន្ទះឈីប និងគ្រឿងបង្គំផ្សេងៗ តែតម្រូវការទីផ្សាររថយន្ត Nissan គឺនៅទីផ្សារសំខាន់ដូចជា ប្រទេសចិន និងសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងឥតឈប់ឈរ។
សម្រាប់ប្រាក់ចំណូលឆ្នាំនេះ Nissan ទទួលបានប្រមាណ ១៨០ ពាន់លានយ៉េន ( ១,៥៩ ពាន់លានដុល្លារ) ខណៈកាលឆ្នាំទៅពួកគេទទួលបាន ១៥០ ពាន់លានយ៉េន ដែលស្ថិតិខាងលើគឺច្រើនជាងការរំពឹងទុកត្រឹម ១៦១ ពាន់លានយ៉េនពីការវិភាគរបស់អ្នកឯកទេស ២៣ រូប។
ដោយឡែកក្រឡេកទៅមើលស្ថានភាពក្រុមហ៊ុនគូប្រជែងដទៃដូចជា Honda Motor Co វិញ គឺបានខាតបង់ប្រាក់ចំណូលប្រមាណ ១៥% មកសល់ត្រឹម ៦៦០ ពាន់លានយ៉េន ដោយសារកង្វះខាតបន្ទះឈីប ស្របពេល Toyota Motor Corp គឺបានកាត់បន្ថយការលក់ប្រចាំឆ្នាំ និងបានបង្ហើបថា កង្វះខាតបន្ទះឈីប នឹងនៅតែជាបញ្ហាចំបងសម្រាប់ការផលិតយានយន្ត៕
ប្រភព: CNA