​មហាសេដ្ឋី​មាន​បំផុត​នៅ​ហុងកុង Li Ka-shing ចាប់ផ្តើម​ប្រឡូក​​មុខ​ជំនួញ​ថ្មី​សន្លាង​មួយ​ទៀត ​បន្ថែម​ពី​លើ​មុខ​របរ​​​​ដឹកជញ្ជូន ប្លាស្ទិក​ និង​ប្រេង

អន្តរជាតិ

លោក Li Ka-shing ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​ហុងកុង ពេលនេះ​បាន​ប្រកាស​ថា នឹង​ប្រឡូក​ទៅ​ក្នុង​អាជីវកម្ម​ថ្មី​ស្រឡាង​មួយ​គឺ វិស័យ​ថាមពល​កកើត​ឡើង​វិញ ខណៈ​កន្លង​មក​លោក​ធ្លាប់​តែ​ធ្វើ​អាជីវកម្ម​លើ​ការ​ដឹកជញ្ជូន ប្លាស្ទិក​ និង​ប្រេង​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន CK Infrastructure Holdings ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ថាមពល​អគ្គិសនី និង​ឧស្ម័ន និង​គ្រប់គ្រង​ដោយ​កូនប្រុស​ច្បង Victor បាន​ធ្វើការ​វិនិយោគ​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​ថាមពល​អ៊ីដ្រូសែន HYCP កាលពី​ពេលថ្មីៗនេះ។ នេះ​បើតាម​ការចុះផ្សាយ​ពី Bloomberg News។

ដោយឡែក កាលពី​ដើមឆ្នាំ​នេះ​ផង​ដែរ ក្រុមហ៊ុន​វិនិយោគ​របស់​លោក Li បាន​ទិញ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​អាជីវកម្ម​ស្រដៀង​គ្នា​នឹង HYCP គឺ​ក្រុមហ៊ុន Syzygy Plasmonics និង H2Pro ដែល​ជា​ក្រុមហ៊ុន​​ផលិត​ឧស្ម័ន និង​ផ្គត់ផ្គង់​ថាមពល​សម្រាប់​យន្តហោះ។

បញ្ជាក់​ដែរ​ថា ថាមពល​អ៊ីដ្រូសែន​ដែល​កើតឡើង​ពី​ថាមពល​កកើត​ឡើងវិញ គឺ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង សម្រាប់​ជម្រើស​នៃ​ប្រទេស​មហាអំណាច​ និង​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ដែល​មាន​បំណង​ចង់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន​ពុល​កាបូន។

លើស​ពី​នេះ បើ​តាម​ការ​ប៉ាន់ស្មាន​ពី​អ្នកជំនាញ​ទីផ្សារ​របស់​ឧស្សាហកម្ម​ប្រភេទ​នេះ នឹង​អាច​ឈាន​ដល់​ចំណុច​ខ្ពស់​មួយ គឺ ១២ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៥០។

លោក Li Ka-shing ដែល​ប្រជាជន​ហុងកុង​និយម​ឲ្យ​រហស្សនាម​ថា Superman គឺ​ត្រូវ​បាន​គេ​សរសើរ​ពី​ភាពជោគជ័យ​របស់លោក​ជា​ខ្លាំង ជាពិសេស​គឺ​ការ​វិនិយោគ​របស់​លោក​ភាគច្រើន​សុទ្ធតែ​ទទួលបាន​ផ្លែផ្កា​ល្អ​លើសពី​ការ​រំពឹង​ទុក។

បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៣១,៣ ពាន់​លាន​ដុល្លារ​រូបនេះ គឺ​មាន​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ធំៗ​ដូចជា Zoom Video Communication ក្រុមហ៊ុន​ប្រេង Cenovus Energy ខណៈ​ក្រុមហ៊ុន​វិនិយោគ Horizons Ventures របស់​លោក​គឺ​ជា​អ្នក​នៅ​ពីក្រោយ​ក្រុមហ៊ុន​ធំៗ​ដូចជា​ Spotify Technology SA និង Facebook ដែល​ទើបនឹង​ប្ដូរឈ្មោះ​ទៅ​ជា Meta Platforms ជាដើម៕

ប្រភព: CNA