ក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្រកាសពីការខាតបង់ចំណូលប្រមាណ ១,៦ ពាន់លានដុល្លារ ត្រឹមរយៈពេល ៦ ខែនៃឆ្នាំនេះ ហើយបច្ចុប្បន្នស្ថានភាពហិរញ្ញវត្ថុនៃក្រុមហ៊ុនកំពុងឈរលើបន្ទាត់ក្រហម ដោយសារវិបត្តិកូវីដ ១៩។
យ៉ាងណា បើនិយាយពីចំណូលប្រចាំឆ្នាំវិញ គឺមានការកើនឡើងដល់ទៅ ៨៦% បើធៀបទៅនឹងឆ្នាំទៅ ពោលកាលពីឆ្នាំទៅ ក្រុមហ៊ុនទទួលបានចំណូលត្រឹម ៣,៤ ពាន់លានដុល្លារ ខណៈឆ្នាំនេះកើនដល់ ៥,៩ ពាន់លានដុល្លារ។
ដោយឡែកនាយកប្រតិបត្តិ Sheikh Ahmed bin Saeed Al Maktoum បាននិយាយទៅកាន់បណ្ដាញសារព័ត៌មានថា៖ “ស្ថានភាពនៃក្រុមហ៊ុនហាក់ងើបឡើងបន្តិច ក្រោយប្រទេសខ្លះចាប់ផ្ដើមបន្ធូរបន្ថយច្បាប់រឹតបន្តឹង។ ដូច្នេះតម្រូវការជើងហោះហើរចាប់ផ្ដើមមានសន្ទុះឡើងវិញបន្តិចម្ដងៗ តាំងពីរដូវក្ដៅ និងបន្តរហូតដល់រដូវរងា ឬអាចលើសនេះក៏ថាបាន។ យ៉ាងណាពួកយើងនៅតែស្ថិតនៅដំណាក់កាលយ៉ាប់យ៉ឺននៅឡើយ បើធៀបទៅនឹងសម័យកាលមុនមានបញ្ហារាតត្បាត។ តែបច្ចុប្បន្នពួកយើងកំពុងដើរលើផ្លូវឆ្ពោះទៅកាន់ការកែប្រែស្ថានការណ៍ឡើងវិញហើយ”។
បញ្ជាក់ដែរថា កាលពីខែមិថុនាកន្លងទៅ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅតំបន់មជ្ឈិមបូព៌ា បានប្រកាសពីការខាតបង់ចំណូលមិនធ្លាប់មានក្នុងរយៈពេល ៣ ទសវត្សចុងក្រោយ ដោយសារវិបត្តិកូវីដ ១៩ ដែលបណ្ដាលឲ្យវិស័យអាកាសចរជួបហានិភ័យមិនធ្លាប់មាន។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលឌូបៃ បានអះអាងដែរថា ពួកគេអាចឈរជើងទប់ទល់នឹងស្ថានការណ៍មកទល់ពេលនេះ ក៏ដោយសារមានជំនួញពីមេធំដែលជាម្ចាស់ក្រុមហ៊ុន បានបញ្ចេញកញ្ចប់ថវិកាប្រមាណ ៣,១ ពាន់លានដុល្លារដើម្បីទប់ទល់ស្ថានការណ៍កន្លងទៅដែរ៕
ប្រភព: CNA