ដូចដែលប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា វិបត្តិកូវីដ ១៩ គឺជះឥទ្ធិពលអាក្រក់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺ វិស័យទេសចរណ៍តែម្ដង។

ជាក់ស្ដែងនៅប្រទេសវៀតណាម ក្រុមហ៊ុនទេសចរណ៍ស្ទើរតែទូទាំងប្រទេសបានប្រកាសផ្អាកអាជីវកម្មបណ្ដោះអាសន្ន ខ្លះទៀតប្រកាសក្ស័យធនតែម្ដង ដោយសាររកចំណូលមិនបានក្នុងកំឡុងវិបត្តិកូវីដ ១៩ នេះ។
បើតាមការស្រង់ទិន្នន័យនៃប្រទេសវៀតណាម ក្រុមហ៊ុនទេសចរណ៍ប្រមាណ ៩៦% បានសម្រេចចិត្តផ្អាកអាជីវកម្មបណ្ដោះអាសន្ន ដោយក្នុងនោះ ៨៥% ដោយសារចំណូលមានការធ្លាក់ចុះជាងពាក់កណ្ដាល ខណៈ ៥៤% ទៀតគឺមិនទាន់សម្រេចចិត្តច្បាស់ពីស្ថានភាពនាពេលបច្ចុប្បន្ន។ នេះបើតាមការស្រង់មតិពីសមាជិកផ្ដល់ចម្លើយប្រមាណ ១ ៨៥៣ នាក់។

ក្នុងចំណោមហេតុផលសំខាន់បំផុតដែលក្រុមហ៊ុនទាំងនេះប្រកាសផ្អាកអាជីវកម្មគឺ មិនមានលទ្ធភាពគ្រប់គ្រាន់បើកប្រាក់ខែជូនបុគ្គលិក កម្ចីធនាគារ ថ្លៃជួលអគារ ថ្លៃប្រើប្រាស់ផ្សេងៗ និងការបង់ធានារ៉ាប់រងជាដើម។
ដូច្នេះហើយដើម្បីជួយដល់វិស័យទេសចរណ៍ឲ្យងើបឡើងវិញខ្លះ រដ្ឋាភិបាលសម្រេចប្រកាសបើកតំបន់ទេសចរណ៍ប៉ុន្មានកន្លែងឡើងវិញ ដូចជា Phu Quoc Island, Da Nang, Quang Nam, Khanh Hoa, និង Quang Ninh ស្របពេលប្រកាសបើកប្រទេស ខណៈជើងហោះហើរអន្តរជាតិនៅមិនទាន់អនុញ្ញាតនៅឡើយ។
បញ្ជាក់ដែរថា សម្រាប់រយៈពេល ១០ ខែតំបូងក្នុងឆ្នាំ ២០២១ នេះ វៀតណាមមានភ្ញៀវអន្តរជាតិប្រមាណត្រឹម ១២៥ ១០០ នាក់ប៉ុណ្ណោះ ដែលចំនួនមួយនេះគឺតិចជាងឆ្នាំកន្លងៗទៅដល់ទៅ ៩៦,៧% នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅ៕
ប្រភព: vnexpress