ក្រុមហ៊ុនផលិតយានយន្តជប៉ុន Subaru Corp បានប្រកាសសមិទ្ធផលបានមកពីការរួមដៃជាមួយក្រុមហ៊ុនយក្ស Toyota Motor Corp រយៈពេល ២ ឆ្នាំកន្លងមក ដែលនោះគឺជារថយន្តដើរដោយថាមពលអគ្គិសនីជប៉ុនតំបូង ម៉ូដែល Solterra។

រថយន្តអគ្គិសនីមួយនេះ ពេលសាកពេញម្តង អាចរត់បានចម្ងាយ ៤៦០គីឡូម៉ែត្រ សម្រាប់ប៉ុង២ និង ៥៣០គីឡូម៉ែត្រ សម្រាប់ប៉ុង១ ខណៈចំពោះតម្លៃរថយន្តម៉ូដែលនេះផងដែរ គឺមិនទាន់ប្រកាសនៅឡើយ ដោយវាត្រូវបានរំពឹងថានឹងមានវត្តមានលើទីផ្សារនៅពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខ។

រថយន្តប្រភេទ Sport SUV មួយនេះ គឺផលិតឡើងតាមតម្រូវការទីផ្សារបច្ចុប្បន្នដែលគ្រប់គ្នាផ្ដោតសំខាន់លើការប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នពុល ជួយសម្រួលដល់បរិស្ថានពិភពលោក។
ការផ្លាស់ប្ដូរមួយនេះ បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនខ្នាតតូចដូចជា Subaru មានឱកាសប្រជែងទីផ្សារជាមួយក្រុមហ៊ុនខ្នាតយក្សផ្សេងៗសម្រាប់ផលិតផលយានយន្តអគ្គិសនីរបស់ពួកគេ ហើយស្របពេលជាមួយគ្នានោះក្រុមហ៊ុនយក្សដូចជា Toyota ក៏មានឱកាសចាប់យកក្រុមហ៊ុនតូចៗមករួមការងារជាមួយគ្នាដេរ។

បញ្ជាក់ដែរថា Toyota ដ្បិតជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលើលោកផ្នែកតាមការផលិតមែន តែពួកគេទើបនឹងប្រឡូកក្នុងវិស័យយានយន្តអគ្គិសនីតែប៉ុណ្ណោះ ដោយកាលពីខែមុនបានប្រកាសនូវគម្រោងរថយន្តអគ្គិសនី bZ4X ហើយបច្ចុប្បន្នមានបំណងចង់ចាយលុយ ១៣,៥ ពាន់លានដុល្លារសម្រាប់គម្រោងផលិតអាគុយឡានអគ្គិសនីក្នុងរយៈពេល ១០ ឆ្នាំផងដែរ៕
ប្រភព: CNA