យោងទៅតាម NTUC FairPrice បានធ្វើការប្រកាសកាលពីថ្ងៃសុក្រថា អតិថិជនរបស់ហាងលក់ទំនិញ Cheers និង FairPrice Xpress ទាំង ១៦៧ សាខា ក្នុងប្រទេសសឹង្ហបុរី នឹងត្រូវគិតលុយថ្លៃប្រើថង់ផ្លាស្ទិក ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំក្រោយទៅ ។
មិនតែប៉ុណ្ណោះ ការគិតថ្លៃទៅលើថង់ផ្លាស្ទិកនេះ ក៏នឹងត្រូវបន្តធ្វើនៅបណ្តាផ្សារទំនើប FairPrice ដែលត្រូវបានជ្រើសរើសមួយចំនួនទៀត សម្រាប់រយ:ពេលមួយឆ្នាំផ្សេងទៀតផងដែរ ។
ហើយផ្សារទំនើបដែលត្រូវបានជ្រើសរើសនោះមានដូចជា ៖ FairPrice Xtra ; Hougang One ; Kallang Wave Mall ; FairPrice Finest ; Zhong Shan ; Paya Lebar Quarter ; Changi Airport Terminal 3; Funan; Bukit Timah Plaza ; Valley Point; FairPrice នៅ Coronation Plaza និង Tai Seng។
យ៉ាងណា ថង់ផ្លាស្ទិកនឹងមានតម្លៃប្រមាណ ០,២០ ដុល្លារសិង្ហបុរី និង ០,១០ ដុល្លារសិង្ហបុរី សម្រាប់ការប្រើប្រាស់ម្តង នៅផ្សារទំនើប និងហាងលក់ទំនិញរាយផ្សេងៗទៀត ។
លើសពីនេះ NTUC FairPrice បាននិយាយថា ប្រាក់ចំណូលដែលបានពីការលក់ថង់ផ្លាស្ទិកទាំងអស់ នឹងយកទៅគាំទ្រដល់គំនិតផ្តួចផ្តើមបៃតង និងរួមទាំងការរួមចំណែកដល់មូលនិធិ ១៨០ ០០០ ដុល្លារសិង្ហបុរី សម្រាប់ចលនា OneMillionTrees របស់ក្រុមប្រឹក្សាឧទ្យានជាតិ ។
មួយវិញទៀត ចំណូលទាំងនេះ ក៏នឹងរួមចំណែកក្នុងការផ្តល់មូលនិធិ សម្រាប់ការដាំដើមឈើចំនួន ៦០០ ដើម ព្រមទាំងកម្មវិធីផ្សព្វផ្សាយពីធម្មជាតិ និងការអភិរក្សផងដែរ ៕
ប្រភព: CNA