កីឡាករបាល់ទាត់ល្បីឈ្មោះ Cristiano Ronaldo បានក្លាយជាម្ចាស់នាឡិកា Rolex មួយគ្រឿងដែលគេអះអាងថា ជានាឡិកាថ្លៃបំផុតលើលោក ដែលនាឡិកាមួយគ្រាប់នេះមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងទិញវាបាន ឬបានឃើញរាល់ថ្ងៃឡើយ។

យ៉ាងណា បើតាមការចុះផ្សាយពី Daily Star បានឲ្យដឹងថា នាឡិកាមួយគ្រឿងនេះ គឺ Ronaldo បានទិញកាលពីឆ្នាំ ២០១៩ អំឡុងពេលប្រធានក្រុមព័រទុយហ្គាល់ប្រកបអាជីពនៅក្លឹប Juventus ប្រទេសអ៊ីតាលី។
ដោយឡែកតម្លៃនាឡិកាមួយគ្រឿងនេះ គឺប្រមាណ ៣៧១ ០០០ ផោន ឬជិតកន្លះលានដុល្លារអាមេរិកនាពេលនោះ ដែលវាគឺជាតម្លៃថ្លៃបំផុតមួយប្រចាំក្រុមហ៊ុននាឡិកាលំដាប់ពិភពលោក Rolex។

គ្រឿងបង្គំដែលធ្វើឲ្យតម្លៃនាឡិកាមួយនេះថ្លៃដល់ថ្នាក់នេះ គឺដោយសារវាបំពាក់ជាមួយនឹងមាសពណ៌ស ១៨ ការ៉ាត់នៅតួនាឡិកា និងគ្រាប់ពេជ្រ ៣០ ការ៉ាត់ផងដែរ ខណៈនាឡិកាមួយនេះមានឈ្មោះថា GMT Master Ice ។

បញ្ជាក់ដែរថា គិតមកទល់ពេលនេះ ទ្រព្យសម្បត្តិរបស់ CR7 គឺមានលើសពី ១ ពាន់លានដុល្លារ ខណៈរូបលោកក៏ជាកីឡាករបាល់ទាត់ស៊ីថ្លៃឈ្នួលខ្ពស់បំផុតប្រចាំលីគកំពូល Premier League ពោលទទួលបានប្រមាណកន្លះលានផោន/សប្ដាហ៍៕
ប្រភព: Sportbible