រដ្ឋាភិបាលប្រទេសថៃបានប្រកាសបើកប្រទេសជាផ្លូវការ ដែលនេះមានន័យថា នឹងអនុញ្ញាតឲ្យភ្ញៀវអន្តរជាតិចូលរួមកម្សាន្តនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះវិញបានផងដែរ។
យ៉ាងណា បើទោះជាប្រកាសបើកប្រទេសហើយក្ដី តែអាជីវករនៅតំបន់ Khaosan នៅតែបង្ហាញក្ដីបារម្ភទាក់ទងនឹងជំនួញរបស់ពួកគេដដែល ដ្បិតមកទល់ពេលនេះតំបន់ដែលធ្លាប់អ៊ូអរមួយនេះ ប្រែមកជាស្ងាត់ជ្រងំស្ទើរគ្មានភ្ញៀវទេសចរ។
ផ្លូវ Khaosan ដែលជាទូទៅគឺមានគេស្គាល់ថាជាតំបន់កម្សាន្ត មានលក្ខណៈស្រដៀង Pub Street នៅសៀមរាប ពោលគឺពោរពេញដោយកន្លែងញាំអាហារធូរថ្លៃ កន្លែងទិញទំនិញ និងសណ្ឋាគារ ជាពិសេសគឺជីវិតពេលរាត្រីដ៏អ៊ូអរ រហូតដល់គេដាក់រហស្សនាមថា ជាកន្លែងដាច់យប់ល្អបំផុតសម្រាប់ភ្ញៀវទេសចរណ៍។
“វាដូចជាទីរហោស្ថានអញ្ចឹងនាពេលនេះ។ វាធ្លាប់តែជាកន្លែងអ៊ូអរមួយប្រជុំដោយភ្ញៀវទេសចរណ៍ ហើយនៅពេលយប់មនុស្សម្នាជាច្រើននៅដើរកម្សាន្តដូចពេលថ្ងៃ។ តែបច្ចុប្បន្នមិនអញ្ចឹងឡើយ”។ នេះបើតាមសម្ដីរបស់អ្នកស្រី Supaporn Promto ជាអ្នកលក់អាហារតាមផ្លូវនៅតំបន់ Khaosan Road។
បញ្ជាក់ដែរថា បើទោះជារដ្ឋាភិបាលប្រកាសបើកប្រទេសវិញក៏ពិតមែន តែសម្រាប់បារកម្សាន្ត និងគ្រឿងស្រវឹងនៅមិនទាន់អនុញ្ញាតឲ្យលក់ដូរនៅឡើយទេ ពោលត្រូវរង់ចាំរហូតដល់ចុងឆ្នាំសិន ហើយនេះក៏ទំនងជាធ្វើឲ្យតំបន់ Khaosan Road ដែលធ្លាប់តែអ៊ូអរ ប្រែមកជាស្ងាត់ជ្រងំបែបនេះដែរ។
ដោយឡែក ការបើកប្រទេសសារនេះ រដ្ឋាភិបាលប្រទេសថៃ មានក្ដីរំពឹងថា នឹងអាចអូសទាញភ្ញៀវទេសចរណ៍ប្រមាណ ៧ សែននាក់ ហើយនៅឆ្នាំ ២០២២ ខាងមុខ ពួកគេក៏រំពឹងទៀតថា ចំណូលបានមកពីវិស័យទេសចរណ៍នឹងកើនដល់ ១,៥៨ ទ្រីលានបាត ឬ ៤៥,៧ ពាន់លានដុល្លារអាមេរិកផងដែរ៕
ប្រភព: CNA