លោក Xu Guojun ដែលជាអតីតប្រធានធនាគារ Bank Of China ប្រចាំសាខានៅភាគខាងត្បូងទីក្រុង Kaiping ខេត្ត Guangdong ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ប្រទេសកំណើតវិញ។

មូលហេតុការបញ្ជូនលោក Xu ទៅប្រទេសចិនវិញ គឺដោយសារអង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយប្រចាំប្រទេស បានរកឃើញថា Xu មានជាប់ពាក់ព័ន្ធនឹងករណីស៊ីសំណូកសូកប៉ាន់ មុនធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០១។
ការឃាត់ខ្លួននេះដែជាការសហការពីស្ថាប័នអន្តរជាតិធំៗជាច្រើន។ នេះបើតាមការអះអាងពីគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យហៅកាត់ CCDI ដោយមិនបានបញ្ជាក់ច្បាស់លាស់ពីការឃាត់ខ្លួនត្រូវធ្វើនៅក្នុងប្រទេសណាឡើយ។

បើតាមការបន្ថែមពី CCDI បានឲ្យដឹងថា មានបុគ្គល ២ រូបផ្សេងទៀតដែលស្ថិតនៅក្នុងសំណុំរឿងមួយនេះ ខណៈបុគ្គលទាំង ២ នោះគឺសុទ្ធតែជាអតីតប្រធានសាខាធនាគារ BOC នៅទីក្រុង Kaiping ដូចគ្នា គឺលោក Yu Zhendong និង Xu Chaofan តែបុគ្គល ២ រូបនេះសុទ្ធតែបានឃាត់ខ្លួនបញ្ជូនទៅប្រទេសចិនកាលពីឆ្នាំ ២០០៤ និង ២០១៨ កន្លងទៅ។

បញ្ជាក់ដែរថា ចំនួនទឹកប្រាក់ដែលបុគ្គលទាំង ៣ នេះទទួលបានពីការសូកប៉ាន់នានា គឺមាននៅខ្ទង់ប្រមាណ ២ ពាន់លានយ័ន ឬ ៣១៤ លានដុល្លារអាមេរិក៕
ប្រភព: CNA