កម្រិត​ឧស្ម័ន​​ឡើង​ដល់​ចំណុច​អាសន្ន រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​ឲ្យ​បុគ្គលិក​ធ្វើការ​នៅ​ផ្ទះ

អន្តរជាតិ

តុលាការ​កំពូល​ប្រចាំ​ប្រទេស​ឥណ្ឌា​បាន​ប្រាប់​ទៅ​កាន់​អាជ្ញាធរ​ប្រចាំ​ប្រទេស​ ឲ្យ​ធ្វើការ​បិទ​ក្រុមហ៊ុន​នៅ​រដ្ឋធានីញ៉ូវដេលី និង​ទីក្រុង​ជុំវិញ​នោះ ដោយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​រាប់​លាន​នាក់​ធ្វើការ​នៅផ្ទះ​បណ្ដោះ​អាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​ចិត្ត​ធ្វើ​បែបនេះ គឺ​ដោយសារ​បច្ចុប្បន្ន​នៅ​ទីក្រុង​ញ៉ូវដេលី កំពុង​មាន​បញ្ហា​សាយភាយ​ឧស្ម័ន​ពុល​ធ្ងន់ធ្ងរ​ដែល​កើតមាន​ឡើង​តាំង​ពី​ដើម​ខែ​វិច្ឆិកា​ម៉្លេះ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​ចាំបាច់​រក​ដំណោះស្រាយ​ជា​បន្ទាន់​សម្រាប់​ករណី​មួយ​នេះ។

ជាមួយ​គ្នា​នោះ​ តុលាការ​កំពូល​ប្រចាំ​ប្រទេស​ក៏​កំពុង​រក​ដំណោះស្រាយ​ជាមួយ​ប្រជាកសិករ ​ដែល​បាន​ដុត​កាកសំណល់​លើ​ដី​ចំការ​របស់​ពួកគេ ដើម្បី​ត្រៀម​បង្កើត​ទិន្នផល​ថ្មី​នៅ​ទីក្រុង​ជុំ​វិញ​រដ្ឋធានី​ដូចជា Haryana, Punjab និង Uttar Pradesh ជាដើម​ផង​ដែរ។

មូលហេតុ​ចំបង​ដែល​ធ្វើឲ្យ​មាន​ការ​ភាយ​ឧស្ម័ន​ពុល​បែបនេះ គឺ​ដោយសារ​ការ​ដុត​កាក​សំណល់​កសិកម្ម​នេះ​ឯង។ នេះ​​បើ​យោង​តាម​របាយការណ៍​​វិនិច្ឆ័យ​កម្រិត​ខ្យល់​បាន​បង្ហាញ​ថា ឧស្ម័ន​នៅ​ទីក្រុង New Dehli ស្ថិតនៅ​ចំណុច ៣៤៣/៥០០ កាលពី​ថ្ងៃច័ន្ទ ដែល​ជា​សញ្ញា​អាក្រក់​បំផុត​មួយ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ដល់​អ្នក​ស្រូប​ខ្យល់​នោះ​ផង។

លើស​ពី​នេះ កាលពី​សប្ដាហ៍​មុន​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​ធ្លាប់​ជួប​ហេតុការណ៍​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត ពោល​កម្រិត​ឧស្ម័ន​ពុល​ធ្លាប់​ធ្លាក់ដល់ ៤៩៩ ឯណោះ ដែល​ជា​កម្រិត​មួយ​អាក្រក់​បំផុត​ទូទាំង​សកលលោក ខណៈ​គេ​សន្មត​ថា វា​កើតឡើង​ដោយសារ​ការ​ដុត​សំរាម​នៅ​ទីសាធារណៈ និង​រោងចក្រ​ដុត​ធ្យូង​ថ្ម​នៅ​ក្រៅ​ទីក្រុង៕

ប្រភព: CNA