បើ​ចង់​បន្ត​ឈរជើង​នៅ​អូស្ត្រាលី Google ត្រូវ​ចាយ​លុយ​ជាង ៧០០ លាន​ដុល្លារ​​

អន្តរជាតិ

មាន​ដំណឹង​មក​ថា ក្រុមហ៊ុន​យក្ស​ Google នឹង​ចំណាយ​លុយ​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អូស្ត្រាលី ឬ ៧៣៦ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥ ឆ្នាំ​សម្រាប់​ការ​បន្ត​ឈរជើង​នៅ​ប្រទេស​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក Google ធ្លាប់​បាន​ប្រកាស​ពី​គម្រោងការ​ចង់​ពង្រីក​វិសាលភាព​នៃ​ការ​គ្រប់គ្រង​ទិន្នន័យ​តាម​រយៈ​រលកធាតុអាកាស​ដោយ​មាន​ការ​ចូលរួម​ពី​អ្នកជំនាញ​ក្នុង​តំបន់ និង​អ្នក​វិទ្យាសាស្ត្រ​ពី​ស្ថាប័ន Commonwealth Scientific and Industrial Research Organisation ហៅ​កាត់ CSIRO។

ប្រធាន​គ្រប់គ្រង​សាខា​ Google នៅ​អូស្ត្រាលី​ Mel Silva បាន​អះអាង​ថា គម្រោង​ចំណាយ​មួយ​នេះ នឹង​អាច​ជះ​ឥទ្ធិពល​ល្អ​ដល់​វិស័យ​បច្ចេកវិទ្យា​ក្នុង​ប្រទេស និង​ការ​វិនិយោគ​ផ្សេងៗ។

ដោយឡែក នាយករដ្ឋមន្ត្រី Scott Morrison វិញ​ក៏​បាន​និយាយ​ដែរ​ថា ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​អូស្ត្រាលី​សម្រាប់​វិស័យ​សេដ្ឋកិច្ច​ឌីជីថល នឹង​អាច​ជួយ​ឲ្យ​ប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល Top 10 នៅ​ឆ្នាំ ២០៣០។

បញ្ជាក់​ដែរ​ថា កាលពី​ប៉ុន្មាន​ខែ​មុន ក្រុមហ៊ុន​យក្ស​ដូចជា Google និង Facebook សុទ្ធតែ​ទទួលបាន​ការ​គម្រាម​ពី​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​ការ​ដក​សេវាកម្ម​របស់​ពួកគេ​ចេញ​ពី​ផ្ទៃប្រទេស ក្រោយ​ក្រុមហ៊ុន​ទាំង ២ នេះ​បដិសេធ​មិន​ព្រម​បង់​ប្រាក់​បន្ថែម​សម្រាប់​ការ​ផ្សព្វផ្សាយ​សេវាកម្ម​ផ្សេងៗ។

យ៉ាងណា ដោយ​មាន​ការ​តវ៉ា​ចុះឡើង បាន​ធ្វើឲ្យ​ Google រួច​ខ្លួន​ពី​ការ​គម្រាម​មួយ​នេះ តែ​ជំនួស​មក​វិញ ទាំង Google និង Facebook សុទ្ធ​តែជួប​ការ​លំបាក​សម្រាប់​ការ​ចុះ​ហត្ថលេខា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅ​ក្នុង​ប្រទេស៕

ប្រភព: CNA