ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ Shell ប្រកាស​ចង់​ប្ដូរ​ទីស្នាក់ការ​កណ្ដាល​ពី​ប្រទេស​ហូឡង់​ទៅ​ចក្រភព​អង់គ្លេស

អន្តរជាតិ

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ Royal Dutch Shell បាន​ប្រកាស​ស្នើធ​ប្ដូរ​ទីស្នាក់ការ​កណ្ដាល​ពី​ប្រទេស​ហូឡង់​ទៅ​កាន់​ចក្រភពអង់គ្លេស និង​បាន​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​កាលពី​ថ្ងៃច័ន្ទ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ផ្លាស់ប្ដូរ​ទីស្នាក់ការ​កណ្ដាល​នេះ​ គឺ​ក្នុង​គោលបំណង​ប្រឡូក​ទីផ្សារ​ថ្មី ដែល​កំពុង​ដើរ​ចេញ​ពី​ការ​ពឹងផ្អែក​វិស័យ​ប្រេង​ឥន្ធនៈ ហើយ​ជាមួយ​គ្នា​នោះ​ពួកគេ​ក៏​បាន​អះអាង​បន្ថែម​ថា គោលបំណង​សំខាន់​មួយ​ទៀត គឺ​ចង់​សាកល្បង​ចូល​វិស័យ​ផលិត​ថាមពល​ស្អាត​ជាង​មុន។

ដោយឡែក រដ្ឋាភិបាល​នៃ​ប្រទេស​ហូឡង់​វិញ បាន​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ជាមួយ​ការ​សម្រេចចិត្ត​មួយ​នេះ។ បើ​តាម​លោក Stef Blok រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​អាកាសធាតុ​របស់​ប្រទេស​ហូឡង់​បាន​និយាយ៖ “រដ្ឋាភិបាល​ពិត​ជា​មាន​ការ​ខកចិត្ត​ជា​ខ្លាំង ដែល Shell ចង់​ផ្លាស់ប្ដូរ​ទីស្នាក់ការ​កណ្ដាល​ទៅ​កាន់​ចក្រភព​អង់គ្លេស”។

“បច្ចុប្បន្ន​ពួកយើង​កំពុង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​ក្រុមហ៊ុន Shell អំពី​ផល​ប៉ះពាល់​នៃ​បម្លាស់ទី​​ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​វិនិយោគ និង​និរន្តរភាព​ជាដើម”។

បញ្ជាក់​ដែរ​ថា Shell គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ទីតាំង​នៅ​ហូឡង់​អស់​រយៈ​កាល​ជាង​ ១ សតវត្ស​មក​ហើយ។ ក្នុង​ករណី​ពួកគេ​អាច​ប្ដូរ​ទីស្នាក់ការ​កណ្ដាល​បាន​សម្រេច​មែន​ នោះ​ក៏​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ពី Royal Dutch Shell មក​សល់​ត្រឹម Shell ដូចគ្នា។

ដោយឡែក ការ​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ទីតាំង​បែបនេះ គឺ​អាច​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ប្រេង​មួយ​នេះ​ចាញ់​ក្ដី​ទំនាស់​ដីធ្លី​ជាមួយ​សកម្មជន​អាកាសធាតុ​នៅ​ហូឡង់​កាល​ពី​ដើមឆ្នាំ ហើយ​តុលាការ​ក្រុងឡាអេ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ចំនួន ៤៥% ត្រឹម​ឆ្នាំ ២០៣០ បើ​ធៀប​នឹង​កម្រិត​ឆ្នាំ ២០១៩​ ដែល​ការ​សម្រេចចិត្ត​មួយ​នេះ​ធ្វើឲ្យ​ ក្រុម​សកម្មជន​ចាត់ទុក​ថា​ជា​ជ័យជំនះ​មួយ​។

យ៉ាងណា​ ការ​សម្រេចចិត្ត​ជា​ផ្លូវការ​គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១០ ធ្នូ​ខាងមុខ ក្រោម​ការ​បោះឆ្នោត​ពី​ម្ចាស់ភាគហ៊ុន​ធំៗ​ប្រចាំ​ក្រុមហ៊ុន។ តែ​កន្លង​មក​មិនមែន​មានតែ Shell ឡើយ​ដែល​ចង់​ប្ដូរ​ទីស្នាក់ការ​កណ្ដាល​ទៅ​ចក្រភព​អង់គ្លេស ពោល​មាន​ក្រុមហ៊ុន​យក្ស​ផ្សេងៗ​ដូចជា Unilever, Dove, Lipton និង Ben & Jerry ជាដើម​សុទ្ធ​តែ​បញ្ចប់​ការ​សហការ​នៅ​ប្រទេស​ហូឡង់​ ងាក​មក​សង់​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ឡុង​វិញ៕

ប្រភព: Energeticcity