ឥណ្ឌាកំពុងទទួលរងឥទ្ធិពលអាក្រក់ដោយសារការសាយភាយឧស្ម័នពុលក្នុងខ្យល់ ដែលបានកើនដល់ចំណុចប្រកាសអាសន្ន ហើយកន្លងមកនេះរដ្ឋាភិបាលទើបនឹងប្រកាសបិទក្រុមហ៊ុនផ្សេងៗ និងអនុញ្ញាតឲ្យបុគ្គលិកធ្វើការនៅផ្ទះវិញ។

យ៉ាងណា ស្ថានការណ៍ហាក់នៅមិនទាន់មានភាពប្រសើរឡើងឡើយ ពោលថ្មីៗនេះតុលាការកំពូលស្នើឲ្យអាជ្ញាធរនៅរដ្ឋធានី New Delhi បិទសាលារៀនបណ្ដោះអាសន្ន និងរោងចក្រធ្យូងថ្ម ៥ កន្លែងនៅជុំវិញទីក្រុងបន្ថែមទៀត។
កម្រិតខ្យល់កខ្វក់នៅក្នុងទីក្រុងមួយនេះបានកើនឡើងដល់ចំណុច ៤៩៩/៥០០ កាលពីដើមខែវិច្ឆិកាដែលនេះ បានធ្វើឲ្យទីក្រុង New Delhi ក្លាយជាទីក្រុងមានខ្យល់កខ្វក់បំផុតលើលោក ហើយថែមទាំងអាចឲ្យប្រជាពលរដ្ឋមានជំងឺផ្សេងៗតាមរយៈការដកដង្ហើមផងដែរ។

ដូច្នេះហើយ ដើម្បីបង្ការហានិភ័យកាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាលបានប្រកាសបិទសាលារៀនក្នុងរយៈពេល ១ សប្ដាហ៍ ឬអាចយូរជាងនេះ ស៊ីសងលើស្ថានការណ៍ជាក់ស្ដែង ស្របពេលបុគ្គលិកនៅធ្វើការនៅតាមស្ថាប័នរដ្ឋនានាអាចនឹងបន្តធ្វើការនៅផ្ទះរហូតដល់ថ្ងៃទី ២១ វិច្ឆិកា។

បញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ២០ លាននាក់តែងរងឥទ្ធិពលខ្យល់កខ្វក់រៀងរាល់រដូវរងា ហើយទើបតែឆ្នាំនេះទេដែលស្ថានការណ៍ខ្យល់កខ្វក់នៅឥណ្ឌាកើនឡើងដល់ចំណុចអាក្រក់មិនធ្លាប់មាន ហើយបច្ចុប្បន្នតុលាការកំពូលប្រចាំប្រទេសកំពុងស្នើឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនរកដំណោះស្រាយសម្រាប់បញ្ហាមួយនេះផងដែរ៕
ប្រភព: CNA