រដ្ឋាភិបាលប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែវិច្ឆិកា បានប្រកាសប្រើកញ្ចប់ថវិកា ៤៩០ពាន់លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩។
បើតាមនាយករដ្ឋមន្រ្តី លោក ហ្វូមីអូ គីស៊ីដា ការប្រកាសប្រើកញ្ចប់ថវិកាដ៏ច្រើននេះដើម្បីជំរុញ កំណើនសេដ្ឋកិច្ចជប៉ុន គឺនៅបន្ទាប់ពីរបាយការណ៍ របស់រដ្ឋាភិបាល កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានបង្ហាញថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ ប្រមាណ ០,៨% នៅត្រីមាសទី៣ឆ្នាំនេះ ពោលគឺធ្លាក់ចុះ អាក្រក់ខ្លាំង ជាងការព្យាករទុករបស់ទីផ្សារភាគហ៊ុនទៅទៀត។
ចាប់តាំងពីរងគ្រោះដោយសារវិបត្តិកូវីដ នៅឆ្នាំ ២០២០ នេះជាលើកទី៣ ដែលរដ្ឋាភិបាលជប៉ុនប្រកាសប្រើកញ្ចប់ថវិការាប់ពាន់លានដុល្លារ សម្រាប់ផ្តល់សន្ទុះសេដ្ឋកិច្ច ខណៈនៅឆ្នាំដដែល អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស៊្ហីនហ្សូ អាបេ បានប្រើកញ្ចប់ថវិកា៣៨ទ្រីលានយេន ចំណែក លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានបញ្ចេញថវិកា ៤០ទ្រីលានយេន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជប៉ុន ក្នុងសម័យកូវីដ។
យោងទៅតាមផែនការ រដ្ឋាភិបាលគ្រោងនឹងផ្តល់កញ្ចប់លុយដល់យុវជនជប៉ុន អាយុ ១៨ ឆ្នាំចុះក្រោម និងអ្នកមានជីវភាពខ្វះខាត ក្នុងម្នាក់ៗ ជាង ៨០០ដុល្លារ។ វិធានការចែកលុយដើម្បីជំរុញ លទ្ធភាពចាយវាយ របស់ពលរដ្ឋជប៉ុន ធ្លាប់ត្រូវបានរដ្ឋាភិបាលមុនៗប្រើដែរ ប៉ុន្តែ មិនសូវផ្តល់លទ្ធផលប៉ុន្មានទេ ព្រោះ ប្រជាជនជប៉ុន ភាគច្រើនបានយកប្រាក់ឧបត្ថម្ភរបស់រដ្ឋ ទៅដាក់ក្នុងទូសន្សំដែលជាហេតុធ្វើឲ្យការទិញទំនិញប្រើប្រាស់ ដែលជាកត្តាជំរុញសេដ្ឋកិច្ច នៅតែមានកម្រិតទាបដដែល។
@EaJÌXNuð·_ðàl½¿BÈÇUs{§ÉßÌÙ}Ôé¾ÌXPQúÜÅÌ·ªÜÁ½PVúßã
បន្ថែមលើនេះ រដ្ឋាភិបាលក៏គ្រោងនឹងដំឡើងប្រាក់បៀរវត្សរ៍ដល់បុគ្គលិកក្នុងវិស័យអប់រំនិងសុខាភិបាល និងជួយឧបត្ថម្ភក្រុមហ៊ុនធុនតូច និងមធ្យម និងវិស័យទេសចរណ៍ក្នុងស្រុក ដែលត្រូវរងគ្រោះបាត់បង់ចំណូលដោយសារវិបត្តិកូវីដ។
ជាមួយគ្នានេះ សម្រាប់សេដ្ឋកិច្ចវិទូ ជប៉ុនកញ្ចប់ថវិកា ៤៩០ពាន់លានដុល្លារ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចទំនងផ្តល់លទ្ធផលតិចតួច។ ផ្ទុយទៅវិញ វានឹងទៅបំប៉ោង ធ្វើឲ្យប្រាក់បំណុលជាតិ មានចំនួនកាន់តែច្រើនជាងមុន។
សូមជម្រាបថា ប្រទេសជប៉ុន មហាអំណាចសេដ្ឋកិច្ចធំទី៣ក្នុងពិភពលោក មានប្រាក់បំណុលរដ្ឋ ប្រមាណ ២៥០% នៃផលិតផលក្នុងស្រុកសរុប។ ខុសពីបណ្តាប្រទេសផ្សេងទៀត រដ្ឋាភិបាលជប៉ុនមានប្រជាជនជាម្ចាស់បំណុលរបស់ខ្លួន ដោយមិនពឹងផ្អែកលើប្រាក់កម្ចី ពី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ IMF ឬប្រទេសណាមួយនោះទេ៕