នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន Fumio Kishida បានប្រកាសពីគម្រោងក្នុងការស្ដារសេដ្ឋកិច្ចប្រទេសឡើងវិញ ជាមួយនឹងការចាយលុយប្រមាណ ៤៩០ ពាន់លានដុល្លារអាមេរិក។
ទឹកប្រាក់ប្រមាណ ៤៩០ ពាន់លានដុល្លារអាមេរិក ឬ ៥៦ ទ្រីលានយ៉េននឹងទម្លាក់នៅចុងឆ្នាំនេះ ស្របពេលលោក Kishida មានជំនឿចិត្តថា ទឹកប្រាក់ប៉ុណ្ណេះនឹងអាចគ្រប់គ្រាន់ក្នុងការស្ដារសេដ្ឋកិច្ចប្រទេសឡើងវិញ។
សម្រាប់ទឹកប្រាក់ទាំងនោះផងដែរ នឹងរ៉ាប់រងទៅលើការចំណាយផ្សេងៗដូចជា ផ្ដល់ជូនប្រាក់មួយចំនួនដល់អនីតិជនក្រោមអាយុ ១៨ ឆ្នាំ ខណៈផែនការចាយវាយខ្នាតធំបែបនេះ គឺកើតឡើងបន្ទាប់ពីសេដ្ឋកិច្ចប្រទេសជប៉ុនធ្លាក់ចុះនៅត្រីមាសទី ២ ក្នុងឆ្នាំនេះ។
បើតាមរបាយការណ៍ផ្ដល់ឲ្យដោយរដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចនៃប្រទេសជប៉ុនមានការធ្លាក់ចុះ ០,៨% ក្នុងរយៈពេល ៣ ខែដល់ខែកញ្ញា ស្របពេលអ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានអះអាងថា គម្រោងស្ដារសេដ្ឋកិច្ចសារនេះអាចនឹងជួយឲ្យជប៉ុនងើបឡើងវិញខ្លះ បើទោះជាគម្រោងចាយវាយនៅមិនទាន់បង្ហាញច្បាស់លាស់នៅឡើយ។
បញ្ជាក់ដែរថា កាលពីឆ្នាំ ២០២០ កន្លងទៅ អតីតនាយករដ្ឋមន្ត្រី Yoshihide Suga និង Shinzo Abe បានជះលុយសរុបប្រមាណ ៧៨ ទ្រីលានយ៉េនក្នុងគោលបំណងស្ដារសេដ្ឋកិច្ចប្រទេសដូចគ្នា តែកាលនោះសេដ្ឋកិច្ចវិទូ និងសារព័ត៌មានជាច្រើនបានបង្ហាញការមិនទុកចិត្តលើផែនការមួយនេះ៕
ប្រភព: bangkokpost