ក្នុងឆមាសទីមួយឆ្នាំនេះ ការវិនិយោគទៅវិញទៅមករវាងចិន-អាស៊ាន បានជាង ៣១០ ពាន់លានដុល្លារ

អន្តរជាតិ

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានបានបន្តពង្រីកយ៉ាងរឹងមាំ ដោយបានចុះបញ្ជីកំណើន ៣៨.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងការវិនិយោគទៅវិញទៅមកជាង ៣១០ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងដល់ទៅ ៨៥ ដង ចាប់តាំងពីភាគីទាំងពីរបានបង្កើតទំនាក់ទំនងការសន្ទនាក្នុងឆ្នាំ ១៩៩១ និងនៅឆ្នាំ ២០០៩ មក ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១២ ឆ្នាំជាប់ៗគ្នា ខណៈនៅឆ្នាំ២០២០កន្លងទៅ អាស៊ានក៏បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសចិន។

ពាក់ព័ន្ធនឹងភាពប្រសើរឡើងនូវទំនាក់ទំនងនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ។ ការប្រកាសបែបនេះរបស់លោក ស៊ី នៅពេលធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងចិន-អាស៊ាន តាមរយៈវីដេអូអនឡាយ នៅថ្ងៃចន្ទ ម្សិលមិញ។

លោក ស៊ី ជីនពីង បានបញ្ជាក់ថា “ប្រទេសចិនតែងតែជាអ្នកជិតខាងល្អ មិត្តភ័ក្តិ និងដៃគូរបស់អាស៊ាន ហើយប្រទេសចិននឹងយកអាស៊ានជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ខ្លួន ។ ទាក់ទងនឹងទំនាក់ទំនងនាពេលអនាគតរវាងចិន និងអាស៊ាន ប្រធានាធិបតីចិនបានដាក់សំណើចំនួន ៥ ដោយជំរុញឲ្យមានការខិតខំប្រឹងប្រែងឆ្ពោះទៅរកសហគមន៍ចិន-អាស៊ានកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា ក៏ដូចជាធ្វើឲ្យតំបន់ និងពិភពលោកកាន់តែរីកចម្រើន។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី ស៊ី ក៏បានប្រកាសនូវវិធានការជាបន្តបន្ទាប់ក្នុងការកសាងវិបុលភាពជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១.៥ ពាន់លានដុល្លារដល់អាស៊ាន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ទិញផលិតផលកសិកម្មពីអាស៊ានក្នុងរយៈពេល ៥ ឆ្នាំខាងមុខក្នុងតម្លៃរហូតដល់ ១៥៩ ពាន់លានដុល្លារ ការផ្តល់ទំនិញនៃបច្ចេកវិទ្យាជឿនលឿន ១,០០០ មុខដល់អាស៊ាន និងគាំទ្រកម្មវិធីសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង ៣០០ នាក់មកពីអាស៊ានដើម្បីមកប្រទេសចិនសម្រាប់ការផ្លាស់ប្តូរក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕