បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសសិង្ហបុរីមានគោលបំណងសម្រេចមហិច្ឆិតារបស់ខ្លួន ក្នុងការចាប់យកឧស្ម័នកាបូនពុលពីបរិយាកាស យ៉ាងហោចណាស់ឲ្យបាន ២ លានតោន នៅត្រឹមឆ្នាំ ២០៣០ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើឲ្យមជ្ឈមណ្ឌលចម្រាញ់ប្រេងខ្លួន នៅលើកោះ Jurong កាន់តែមាននិរន្តរភាព ។
ជាក់ស្តែង មានឧស្សាហកម្មជាច្រើន កំពុងសម្លឹងរកមើល ដំណើរការចាប់យកការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅកាន់បរិយាកាស តាមរយ:ការស្តុកទុក ឬធ្វើការប្រើប្រាស់ឡើងវិញ ដើម្បីជាមធ្យោបាយមួយ ក្នុងការឆ្ពោះទៅរកគោលដៅបៃតង។ ប៉ុន្តែយ៉ាងណាក៏ដោយ ដំណើរការមួយនេះ នៅតែកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ ។
មិនតែប៉ុណ្ណោះ ប្រទេសសិង្ហបុរី មានបំណងក្នុងការបង្កើត កន្លែងសាកល្បងបច្ចេកវិទ្យាចាប់យកឧស្ម័នពុលនេះ នៅលើកោះ Jurong ដែលជាកន្លែងក្រុមហ៊ុន Royal Dutch Shell និង Exxon Mobil កំពុងដំណើរការរោងចក្រផលិតគីមីឥន្ធន:របស់ពួកគេ នៅទីនោះស្រាប់ ។
ហើយសម្រាប់ផែនការនេះផងដែរ ទាំង Shell និង Exxon សុទ្ធសឹងតែបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការសាងសង់កន្លែងចាប់យកឧស្ម័នកាបូន និងកន្លែងស្តុកទុកឧស្ម័នដែលប៉ះពាល់ខ្លាំងដល់បរិស្ថានមួយនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
លើសពីនេះ EDB របស់សិង្ហបុរី ក៏បានកំណត់គោលដៅនៅឆ្នាំ ២០៣០ សម្រាប់វិស័យថាមពល និងគីមីសាស្រ្តរបស់ខ្លួន ដើម្បីបង្កើនទិន្នផលផលិតកម្ម ប្រកបដោយនិរន្តរភាព ក្នុងចំនួន ១,៥ ដង ពីកម្រិតឆ្នាំ ២០១៩ ។ ហើយនៅឆ្នាំ ២០៥០ សិង្ហបុរី មានគោលបំណងបង្កើនទិន្នផល រហូតដល់ទៅ ៤ ដង ពីកម្រិតឆ្នាំ ២០១៩ ផងដែរ ។
ដោយឡែក រដ្ឋាភិបាល និងក្រុមហ៊ុននានា កំពុងតែពន្លឿនការស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល និងទប់ស្កាត់ការឡើងកម្តៅផែនដី ដោយងាកចេញពីការផលិតឥន្ធន:ហ្វូស៊ីល ជាមួយនឹងការបង្កើនការវិនិយោគទៅថាមពល ដែលអាចកកើតឡើងវិញ ជំនួសវិញ ៕
ប្រភព: Kelo