ក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសជាផ្លូវការសម្រេចយកទីក្រុង Taylor ជាកន្លែងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីនៅសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃសាងសង់ប្រមាណ ១៧ ពាន់លានដុល្លារ។
រោងចក្រមួយនេះនឹងអាចបង្កើតឱកាសការងារដល់បុគ្គលិកជំនាញផ្នែកបច្ចេកវិទ្យាជាង ២ ០០០ កន្លែង ខណៈការសាងសង់នឹងអាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំក្រោយ ខណៈដំណើរការផលិតនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ ២០២៤។
ក្រៅពីផ្ដល់ឱកាសការងារបច្ចេកវិទ្យាជាង ២ ០០០ កន្លែង គ្រោងការយក្សមួយនេះក៏នឹងផ្ដល់ឱកាសដល់ការងារសំណង់យ៉ាងតិចក៏ ៦ ៥០០ កន្លែងដូចគ្នា។ នេះបើតាមការអះអាងពីអភិបាលរដ្ឋតិចសាស់ លោក Greg Abbott។
មុននឹងសម្រេចចិត្តជ្រើសយកទីតាំងនៅទីក្រុង Taylor រដ្ឋតិចសាស់ ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើលោកនេះ ធ្លាប់ពិចារណាទីតាំងប៉ុន្មានកន្លែងនៅតំបន់ដូចជា Arizona និង New York សម្រាប់ការសាងសង់រោងចក្រ ដែលវាមានទីតាំងធំជាងទីក្រុង Austin រដ្ឋតិចសាស់ដែលជាទីតាំងដំបូង Samsung ចង់ចាប់យក។
ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសកូរ៉េនេះ បានប្រាប់ពីមូលហេតុសម្រេចចិត្តជ្រើសយករដ្ឋតិចសាស់គឺដោយសារនៅទីនោះមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានស្ថិរភាព ការគាំទ្រពីរដ្ឋាភិបាល និងចំណុចសំខាន់គឺនៅជិតរោងចក្រដែលពួកគេមានស្រាប់។
Samsung បានចូលរួមប្រជែង TSMC និង Intel សម្រាប់ការប្រកួតការពង្រីកវិសាលភាពផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ដែលនេះគឺជាផ្នែកមួយនៃផែនការប្រកួតប្រជែងយុទ្ធសាស្ត្រទីផ្សារជាមួយប្រទេសចិន៕
ប្រភព: CNA