ប្រទេសហ្វីលីពីន គឺជាប្រទេសមួយដែលមានការនាំចូលអង្ករធំបំផុតមួយលើលោក បានប្រកាសចង់ផ្អាកការនាំចូលអង្ករពីប្រទេសវៀតណាម ដោយសារការប្រមូលទិន្នផលនៅក្នុងស្រុកមានការអំណោយផលខ្ពស់។ នេះបើតាមការអះអាងពីឈ្មួញអង្ករនិងមន្ត្រីកសិកម្មក្នុងប្រទេស។

ឈ្មួញអង្ករបាននិយាយថា នាយកដ្ឋានកសិកម្មរបស់ប្រទេសហ្វីលីពីនបានផ្អាកការចេញលិខិតបញ្ជាក់ការនាំចូលអង្ករ និងអនាម័យសម្រាប់ការនាំចេញអង្ករពីប្រទេសវៀតណាម ស្របពេលហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង 40 ភាគរយនៃការនាំចេញអង្ករសរុបរបស់ខ្លួន។
ដោយឡែក អ្នកនាំពាក្យនៃនាយកដ្ឋានកសិកម្មហ្វីលីពីនបានបញ្ជាក់ថា កំពុងគ្រប់គ្រងការចេញលិខិតបញ្ជាក់ការនាំចូលអនាម័យ និងភូតគាមអនាម័យ (SPSIC) ស្របតាមតម្រូវការ។

យ៉ាងណា សមាគមស្បៀងអាហារវៀតណាម ដែលមានសមាជិកជាអ្នកនាំចេញអង្ករនៃប្រទេសនេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ស្របពេលការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ១២,៣ ភាគរយពីឆ្នាំមុនដល់ ២,០៩ លានតោន។ នេះបើយោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល៕
ប្រភព: CNA