រដ្ឋាភិបាលថៃ គ្រោងនឹងបញ្ចេញសាច់ប្រាក់ចំនួន ១៥៥ ពាន់លានបាត (ប្រហែលជាង ៤ ពាន់លានដុល្លារ) ដើម្បីជួយដល់កសិកររាប់លាននាក់ ដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ ១៩ ទឹកជំនន់ គ្រោះរាំងស្ងួត និងតម្លៃដំណាំធ្លាក់ចុះជាដើម ។
ជាក់ស្តែង នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគណនីហ្វេសប៊ុកថា គណ:រដ្ឋមន្ត្រីថៃ គ្រោងនឹងពិចារណាលើកម្មវិធីមួយ ដើម្បីធ្វើការបែងចែកមូលនិធិទៅដល់ ប្រជាកសិករដែលដាំស្រូវ កៅស៊ូ ដូងប្រេង និងដំណាំផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំមួយ នាថ្ងៃអង្គារសប្តាហ៍ក្រោយ ។
លោកបន្តថា រដ្ឋាភិបាលនឹងផ្ទេរសាច់ប្រាក់ចូលទៅក្នុងគណនីរបស់កសិករ ដែលមានសិទ្ធក្នុងការទទួលបាន តាមរយ:ធានាគាកសិកម្ម និងសហករណ៍កសិកម្ម ។
លើសពីនេះ លោកប្រាយុទ្ធ បាននិយាយទៀតថា ការទូទាត់ទៅឲ្យកសិករនឹងត្រូវបានពន្លឿន ដើម្បីជាវិធានការគាំទ្រទៅលើតម្លៃ សម្រាប់ដំណាំស្រូវ កៅស៊ូ និងដូងប្រេង ក៏ដូចជាដើម្បីការពារដល់ការពិបាកដើររកទីផ្សារលក់កសិផល របស់ប្រជាកសិករផងដែរ ។
មិនតែប៉ុណ្ណោះ កាលពីព្រឹកថ្ងៃពុធ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេសថៃ បានអនុម័តដំឡើងសមាមាត្រនៃការខ្ចីប្រាក់ពីធនាគាររដ្ឋដល់ ៣៥% ដើម្បីផ្តល់មូលនិធិដល់ការទូទាត់នេះ ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpittayapaisith បាននិយាយថា រដ្ឋាភិបាលក៏នឹងត្រូវអនុម័តការខ្ចីប្រាក់ពី ៨០ ពាន់លានបាត ទៅ ៩០ ពាន់លានបាត ដើម្បីផ្គត់ផ្គង់ដល់អ្នកស្រែចម្ការផងដែរ ។
លោក Arkhom បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋាភិបាលគ្រោងនឹងផ្តល់ជំនួយបន្ថែមចំនួន ៧៦ ពាន់លានបាត ជាពិសេសសម្រាប់កសិករដាំដុះស្រូវ ដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសាការធ្លាក់ចុះនៃតម្លៃ ៕
ប្រភព: Bangkok Post