បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា ប្រលានយន្តហោះ Betong ដែលមានទីតាំងនៅភាគខាងត្បូងនៃខេត្ត Yala នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែមករាឆ្នាំក្រោយនេះ។

លោក Thanakorn Wangboonkongchana ជាអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រលានយន្តហោះថ្មីនេះគឺមានចំណតដែលអាចផ្ទុកអ្នកដំណើរក្នុងទំហំ ៧ ០០០ ម៉ែត្រការ៉េ និងអាចបម្រើសេវាកម្មដល់អ្នកដំណើរ ៣០០ នាក់/ម៉ោង ឬប្រហែល ៨០០ ០០០នាក់/ឆ្នាំ។

បើទោះជាការប្រកាសឲ្យប្រើប្រាស់នឹងប្រព្រឹត្តិទៅឆ្នាំក្រោយក៏ពិតមែន តែបច្ចុប្បន្នរដ្ឋាភិបាលបានប្រើប្រាស់ប្រលានយន្តហោះមួយនេះ សម្រាប់ការហោះហើរលក្ខណៈឯកជនរួចហើយ ខណៈការបើកដំណើរការនេះផងដែរ នឹងធ្វើឡើងស្របពេលជាមួយការប្រកាសបើកច្រកព្រំដែនរបស់ប្រទេសម៉ាឡេស៊ីដូចគ្នា ពោលគឺនៅថ្ងៃទី ០១ មករា ២០២២។

ប្រលានយន្តហោះថ្មីនេះផងដែរ គឺនឹងជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅភាគខាងត្បូងនៃប្រទេស ជាពិសេសគឺនៅតាមច្រកព្រំដែននៃតំបន់នោះតែម្ដង។ លើសពីនោះមន្ត្រីក្រសួងទេសចរណ៍និងកីឡាមានគម្រោងចង់រៀបចំកម្មវិធី Amazing Jungle Trail នៅតំបន់ Betong នៅថ្ងៃទី ០៧ និង ០៨ ឧសភាឆ្នាំក្រោយ ក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕
ប្រភព: bangkokpost