ក្រុមហ៊ុនលក់សម្ភារៈទូទៅ IKEA បានត្រៀមខ្លួនក្លាយជាម្ចាស់ផ្ទះនៅប្រទេសជប៉ុន ដោយប្រកាសដាក់ជួលបន្ទប់នៅទីក្រុងតូក្យូ មានទំហំតូចប្រមាណ ១០ ម៉ែត្រការ៉េ។

បន្ទប់មួយនោះមានទីតាំងនៅតំបន់ Shinjuku ខណៈតម្លៃនៃបន្ទប់ជួលតូចមួយនេះគឺមានតម្លៃ ៩៩ យ៉េន ឬប្រមាណត្រឹម ០,៨៦ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ នេះបើតាមការអះអាងពី IKEA។
យ៉ាងណា បន្ទប់ជួលដ៏សែនតូចមួយនេះគឺនឹងធ្វើឡើងតែមួយគត់ ដោយមានបំពាក់ជាមួយគ្រឿងសង្ហារិម និងសម្ភារៈផ្សេងៗរបស់ IKEA ស្របពេលបច្ចុប្បន្នក្រុមហ៊ុនមួយនេះក៏កំពុងចាប់ផ្ដើមទទួលពាក្យស្នើសុំជួលបន្ទប់ពីបេក្ខភាពច្រើនរូប ដោយបេក្ខភាពទាំងនោះត្រូវតែមានអាយុលើសពី ២០ ឆ្នាំ ខណៈថ្ងៃផុតកំណត់គឺទី ០៣ ធ្នូ។

រយៈពេលនៃកុងត្រាជួលបន្ទប់មួយនេះនឹងអាចអនុញ្ញាតឲ្យអ្នកស្នាក់នៅដល់ពាក់កណ្ដាលខែមករា ២០២៣ ហើយបុគ្គលដែលស្នាក់នៅត្រូវតែរ៉ាប់រងការចំណាយទឹកភ្លើងដោយខ្លួនឯង។

ថ្វីបើបន្ទប់មានទំហំត្រឹម ១០ ម៉ែត្រការ៉េក៏ពិតមែន តែបើមើលឲ្យដិតដល់ទៅទីក្រុងតូក្យូគឺជាទីប្រជុំជនអ៊ូអរបំផុតមួយលើលោក ជាមួយការចំណាយខ្ពស់ ដូច្នេះបន្ទប់តូចៗគឺកំពុងទទួលបានការពេញនិយមខ្លាំងនៅទីក្រុងសេដ្ឋកិច្ចខ្ពស់មួយនេះ។
បញ្ជាក់ដែរថា ទីក្រុងតូក្យូគឺមានផ្ទៃដីសរុប ៦២៧,៦ គីឡូម៉ែត្រការ៉េ ហើយដោយសារភាពអ៊ូអរ និងជាទីក្រុងគោលដៅសម្រាប់ការធ្វើដំណើរកម្សាន្តផងនោះ បានធ្វើឲ្យ Tokyo មានចំនួនប្រជាជនសរុបច្រើនជាង ១៤ លាននាក់កំពុងរស់នៅទីនោះ៕
ប្រភព: CNN